(ភ្នំពេញ)៖ តារាសម្ដែង និងអ្នកបង្ហាញម៉ូដដ៏លេចធ្លកញ្ញា នៀន នៀន ត្រូវបានក្រុមហ៊ុន Cambodia International Models ជ្រើសតាំងជា Miss Star Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិនៃកម្មវិធី Miss Star International 2024 ប្រទេសប្រេស៊ីល នៃទ្វីបអាមេរិកខាងត្បូង នាចុងឆ្នាំនេះ។ គ្រងតំណែងជា Miss Star Cambodia 2024 មិនយូរប៉ុន្មាន នៀន នៀន ក៏បានប្រកាសខ្លួនជាម្ចាស់ប្រេន Saiiana Cambodia (សៃអេនណា ខេមបូឌា) ជាផលិតផលកំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ពិសេសបងប្អូនភេទទី៣នៅកម្ពុជាតែម្តង។
ស្របពេលដែល Saiiana ទទួលបានការទុកចិត្តលើគុណភាពពីអ្នកប្រើប្រាស់ នៀន នៀន សម្រេចចិត្តជ្រើសតាំងបវរកញ្ញាភេទទី៣កម្ពុជា ២រូប គឺកញ្ញា ម៉ៃយ៉ា ម្ចាស់មកុដ Miss Queen Cambodia 2022/2023 និង កញ្ញា ហានី ម្ចាស់មកុដ Miss Queen Cambodia 2024 ធ្វើជាទូតសុឆន្ទៈ (Brand Ambassador) តំណាងផលិតផល ដើម្បីឱ្យបវរកញ្ញាទាំង ២រូប ធ្វើការផ្សព្វផ្សាយពីគុណភាព និងប្រសិទ្ធភាពទៅកាន់អ្នកប្រើប្រាស់។
ឱ្យស័ក្កិសមកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ហានី និង ម៉ៃ យ៉ា ម្ចាស់ប្រេន នៀន នៀន បានរៀបចំពិធីចុះហត្ថលេខាប្រកាសទូតសុឆន្ទៈ (BA) យ៉ាងអធិកអធមបំផុត នៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអូឡាំព្យាម៉ល ដោយមានការចូលរួមសិល្បករ-សិល្បការនី បវរកញ្ញា-បុរសឯក និងបវរកញ្ញាភេទទី៣យ៉ាងច្រើនកុះករ។ កាន់តែកក្រើកជាមួយការសម្តែងពិសេសរបស់ កញ្ញា ជ្រូកព្រៃ និងការដើរបង្ហាញម៉ូដផលិតផល Saiiana និងការចាប់រង្វាន់ជាច្រើនជូនដល់អ្នកគាំទ្រ និងអ្នកចូលរួមទស្សនាផ្ទាល់ផងដែរ។ មិនទាន់អស់នៅឡើយ ក្នុងពិធីចុះហត្ថលេខាប្រកាសទូតសុឆន្ទៈនេះ ក៏មានបើកបង្ហាញផលិតផលថ្មីរបស់ Saiiana Cambodia ផងដែរ នោះគឺ Saiiana Whitening Body Lotion ជាឡេព្យាបាលស្បែកខូច ជុញឱ្យស្បែកសរភ្លឺរលោងស្អាត។
កញ្ញា នៀន នៀន ម្ចាស់ប្រេន Saiiana Cambodia បានលើកឡើងថា នេះជាលើកដំបូងបង្អស់ដែលក្រុមហ៊ុននាងរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ ២រូបក្នុងពេលតែមួយ។ ការជ្រើសរើស ម៉ៃយ៉ា និង ហានី ធ្វើ BA គឺដោយសារអ្នកទាំងពីរជាបវរកញ្ញាភេទទី៣ ដែលធ្លាប់ប្រើប្រាស់ផលិតផលនេះតាំងយូរមកហើយ។ ម៉្យាងនាងរក្សាជំហរក្នុងការចូលរួមលើកស្ទួយ LGBTQ+ នៅកម្ពុជា តាមរយៈការផ្តល់ឱកាសការងារធំៗ ដើម្បីបង្ហាញឱ្យគ្រប់គ្នាឃើញថា ទោះបីយើងកើតមកក្នុងភេទណាមួយក៏ដោយ ក៏យើងមានតម្លៃ មានសមត្ថភាពអាចប្រកបការងារដូចបុរសស្ត្រីទូទៅផងដែរ។
ក្រឡេកទៅមើល ទូតសុឆន្ទៈទាំង២រូប ពិតជាស្រស់ស្អាតខ្លាំងឈុតរ៉ូបរាត្រីស្រមោលសរដ៏ប្រណីត។ ហានី និង ម៉ៃយ៉ា បានបង្ហាញអារម្មណ៍រំភើបដែល នៀន នៀន ផ្តល់ទំនុកចិត្តជ្រើសរើសជា Brand Ambassador ឱ្យ Saiiana Cambodia ក្រោយអ្នកទាំងពីរសាកល្បងប្រើប្រាស់ផលិតផលនេះមួយរយៈធំ ហើយទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ទើបហ៊ានទទួលផ្សព្វផ្សាយទៅកាន់អ្នកទាំងអស់គ្នា។
ឆ្លៀតឱកាសនេះ ម៉ៃយ៉ា ក៏បានថ្លែងអំណរគុណទៅដល់ នៀន នៀន ដែលបានឧបត្ថម្ភថ្លៃចំណាយសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិប្រទេសថៃ នាពេលឆាប់ៗខាងមុខនេះ។ អ្វីដែល នៀន នៀន ផ្តល់ឱ្យពិតជាមានតម្លៃខ្លាំងណាស់ ព្រោះវាបានជួយសម្រួលដល់ខ្ទង់ចំណាយ ថែមទាំងមានកម្លាំងជំរុញចិត្តសម្រាប់ការប្រកួតទៀតផង៕