(ភ្នំពេញ)៖ លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានង្ហើបថា ប្រាក់រង្វាន់សម្រាប់ក្រុមជយលាភី ក្នុងរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឬ Cambodian Premier League 2024/25 នឹងរក្សានៅដដែល តែអ្វីដែលពិសេស គឺនឹងមានការប្រកួតប្រជែងខ្ពស់ជាងមុន។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង CPL ជាមួយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ក្នុងនាមម្ចាស់ឧបត្ថម្ភធំ និងយូរអង្វែង ដើម្បីគាំទ្រដល់ផែនការរបស់ CPL និងន្ដទៅមុខទៀតជាមួយលីគកំពូលកម្ពុជា ក៏ដូចជាដើម្បីជំរុញ និងអភិវឌ្ឍវិស័យបាល់ទាត់ឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀតនាពេលអនាគត។
ទន្ទឹមជាមួយកាចុះ MOU ក្លាយជាដៃគូឧបត្ថម្ភធំនេះដែរ ក៏មានការចោទសំណួរភ្ជាប់រឿងប្រាក់រង្វាន់ សម្រាប់ក្រុមជើងឯក Cambodian Premier League សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ ថាតើនឹងទទួលបានប្រាក់រង្វាន់ប៉ុន្មាន ឬអាចនឹងមានការកើនឡើងដែលទេ?
ឆ្លើយតបនឹងសំណួរនេះ លោក កាំង សេន បានបញ្ជាក់ថា «ដូចយើងដឹងហើយ Cambodian Premier League បានឆ្លងកាត់ការកែទម្រង់មួយរយៈនេះ ទើបទទួលបានភាពជោគជ័យ គឺមានការកែប្រែច្រើន។ តែជាឆ្នាំដំបូង ដែលយើងចង់ធ្វើគ្រឹះឡើងវិញឲ្យមាំ ។ អ៊ីចឹងហើយ ខ្ញុំគិតថា ពាក់ព័ន្ធនឹងប្រាក់រង្វាន់យើងនឹងរក្សានៅដដែល ហើយអ្វីដែលពិសេសលើសពីឆ្នាំមុន គឺការប្រកួតប្រជែងខ្ពស់ជាងមុន»។
ការបង្ហាញសុទិដ្ឋិនិយមនេះ ដោយសារលោកមើលឃើញក្រុមនីមួយៗ បានត្រៀមខ្លួនយ៉ាងល្អរៀងៗខ្លួន ហើយជាក់ស្ដែង ដូចជាការប្រកួត Super Cup និងការប្រកួតអន្ដរជាតិរបស់ក្លិបកម្ពុជា (ព្រះខ័នរាជស្វាយរៀង) សុទ្ធតែមានកម្រិតខ្ពស់។ ហេតុនេះ លោកជឿជាក់ថា អ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំមើលការប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ដែលនឹងចាប់ផ្ដើមការប្រកួតថ្ងៃស្អែក ថាតើនឹងមានភាពខុសគ្នាប៉ុនណា?
អនុប្រធានក្រុមប្រឹក្សា CPL ដដែលបន្ដទៀតថា គោលដៅចម្បងរបស់ CPL គឺបង្កើនស្តង់ដារគុណភាពនៃក្លិបបាល់ទាត់ជាតិឲ្យក្លាយទៅជាក្លិបស្ដង់ដារក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជាជំហានថ្មីមួយ និងជាចំណុចអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានអ្នកវិនិយោគ ដូចជាក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី (គ្រុឌ) នៅក្នុង CPL ខណៈដែលមានអ្នកវិនិយោគកាន់តែច្រើន ធ្វើឲ្យលីគបាល់ទាត់កាន់តែប្រសើរ និងអាចផលិតគុណភាពកីឡាករជម្រើសជាតិកាន់តែច្រើន។
ទន្ទឹមជាមួយគ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានក្លាយជាដៃគូឧបត្ថម្ភធំរបស់ CPL តែលោកសង្កត់ធ្ងន់ថា រឿងឧបត្ថម្ភធំ ឬតូច មិនសំខាន់នោះទេ ហើយលោករឹតតែមិនចាំបាច់គិតដល់ការចង់ភ្ជាប់ឈ្មោះ គ្រុឌ ជាមួយ Cambodian Premier League ថែមទៀត អ្វីដែលសំខាន់ គឺការរួបរួមគ្នាពីគ្រប់ភាគីទាំងអស់ ទាំងដៃគូសហការ និងអ្នកគាំទ្រ ដើម្បីពួតដៃគ្នាអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យបានខ្លាំង និងរីកចម្រើនស្មើមុខស្មើមាត់លើឆាកអន្ដរជាតិ៕