(ភ្នំពេញ)៖ ពិព័រណ៍ឧត្តមសិក្សាលើកទី៤ បានវិលត្រឡប់មកសារថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧-៨ ខែកញ្ញា នៅអគារ Connexion ឯទីក្រុងកោះពេជ្រ។ ពិព័រណ៍ឧត្តមសិក្សាធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាស និងបើកទ្វាទៅកាន់ពិភពលោក ជាមួយវត្តមានសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំ ស្ថាប័នប្រឹក្សាអប់រំក្នុង និងក្រៅប្រទេសដ៏សន្ធឹកសន្ទាប់ នូវព័ត៌មានការសិក្សាដ៏សំបូរបែប ដែលត្រូវនឹងតម្រូវការការងារ ក្នុងប្រទេសកម្ពុជានាសម័យឌីជីល ឬឧស្សាហកម្ម៤.0 នេះ។
កម្មវិធីនេះផ្តោត និងលើកកម្ពស់ដល់សិស្សានុសិស្ស ឱ្យហ៊ាន «ដេញតាមក្តីស្រមៃ» របស់ពួកគេ។ ពិព័រណ៍ឧត្តមសិក្សា មានគោលបំណងបំផុសទំនុកចិត្ត និងមហិច្ឆតាទាំងនេះនៅក្នុងចំណោមសិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ពីថ្នាក់ទី ៩ ដល់ទី ១២។ បន្ថែមពីនេះទៀត ពិព័រណ៍ឧត្តមសិក្សាក៏មានការចែករំលែកចំណេះដឹងនានា និងសំខាន់ៗតាមរយៈវាគ្មិនពោរពេញទៅដោយបទពិសោធន៍ ទៅកាន់សិស្សានុសិស្សក្នុងរយៈពេល ២ថ្ងៃនៃកម្មវិធីផងដែរ។ ប្រធានបទ ដែលកម្មវិធីនឹងរៀបចំឡើងមានត្រួសៗដូចជា សុខភាពផ្លូវចិត្តរបស់យុវជន ផ្នត់គំនិតសហគ្រិន និងផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) លើអាជីពនាពេលអនាគត។
អ្នករៀបចំកម្មវិធី កញ្ញាហៀម ចិត្រា បានរំពឹងទុកថា កម្មវិធីនេះនឹងមានអ្នកចូលរួមជាង ៥០០០ នាក់ និងលើកទឹកចិត្តបុគ្គលវ័យក្មេងឱ្យស្វែងរកជម្រើសនៃការអប់រំកម្រិតខ្ពស់ ទទួលបានការយល់ដឹងកំណត់គោលដៅផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ពួកគេឲ្យទាន់សម័យកាល។ កម្មវិធីនេះនឹងមានកិច្ចពិភាក្សាជាបន្តបន្ទាប់ ដែលមានវាគ្មិនលេចធ្លោ ហើយសុទ្ធសឹងតែជាអ្នកដឹកនាំក្នុងវិស័យខុសៗគ្នា។
កិច្ចពិភាក្សាដំបូងក្នុងថ្ងៃទី ៧ ខែកញ្ញា មានចំណងជើងថា៖ «ឧស្សាហកម្ម ៤.0 និងអនាគតនៃអាជីពការងារ ជំនាញ និងឱកាសសម្រាប់អ្នកជំនាញវ័យក្មេង» ដែលមានវាគ្មិនចូលរួមមាន លោក យឹម សំណាង ស្ថាបនិក Klture.media និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Overtime.network។ អ្នកនាង ឡាយ ស៊ីវហ៊ួង ជានាយិកាគ្រប់គ្រង Dichi Academy ។ និងលោក ហម ហ៊ី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Future.Bit Academy ។ លើសពីនេះ ពិព័រណ៍ឧត្តមសិក្សានេះនឹងបង្ហាញពីការពិភាក្សាដ៏សំខាន់មួយទៀតស្តីពី «សុខភាពផ្លូវចិត្តរបស់យុវជន៖ យុទ្ធសាស្ត្រដើម្បីសុខុមាលភាព និងឧត្តមភាព» ដែលដឹកនាំដោយលោក Joey Ra ស្ថាបនិក និងជាប្រធានមហាវិទ្យាល័យនៃវិទ្យាស្ថានគ្រូបង្វឹកកម្ពុជា។
ពិព័រណ៍ឧត្តមសិក្សា ៤.០ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ វាជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការស្វែងយល់ពីសក្តានុពលរបស់ពួកគេ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកអប់រំដែលអាចជួយពួកគេឱ្យសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេ។ កញ្ញាហៀម ចិត្រា ក៏លើកទឹកចិត្តដល់ឪពុកម្តាយ បន្តជម្រុញ និងលើកទឹកចិត្តកូនៗរបស់ខ្លួន ក្នុងការស្វែងយល់ពីជំនាញដែលត្រូវនឹងសេចក្តីស្រឡាញ់ ស្របនឹងបរិបទសង្គមការងារ និងចាប់យកឱកាសនេះ ចូលរួមពិព័រណ៍ឧត្តមសិក្សាលើកទី ៤ ឲ្យបានច្រើនកុះករ នៅអគារ Connexion កោះពេជ្រ ថ្ងៃទី ៧ និងទី ៨ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩យប់។
សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍នេះ សូមទាក់ទងលោក ហៀម ចិត្រា ប្រធានរៀបចំកម្មវិធីតាមរយៈអ៊ីមែល [email protected] ឬតាមរយៈលេខទូរស័ព្ទ ០១៥ ៩៣ ៥៣ ៨៣៕