(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញត្រកូល iPhone 16 របស់ខ្លួននៅពាក់កណ្តាលខែកញ្ញាខាងមុខ ខណៈថ្ងៃប្រកាសត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី១០។ ប្រភពពីកាសែត Korea Times អះអាងថា ការត្រៀមរៀបចំហាក់ដូចជាកំពុងដំណើរការ សម្រាប់ការចេញផ្សាយដំបូងនៅក្នុងប្រទេស នោះមានន័យថា Apple ទំនងជាចាប់យកទីផ្សារកូរ៉េខាងត្បូងសម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួន បន្ទាប់ពីការលក់នៅទីផ្សារចិនធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mac Romurs។

បើសិនបើដំណឹងនេះជាការពិតមែននោះ គេអាចនិយាយថាជារឿងប្រវត្តិសាស្រ្តទៅហើយ ទោះបីជាចំណែកទីផ្សារដ៏ខ្លាំងក្លារបស់ iPhone នៅក្នុងប្រទេសកូរ៉េក៏ដោយ ស្មាតហ្វូនម៉ូដេលថ្មី ក៏បង្ហាញខ្លួននៅក្នុងទីផ្សារនេះតាមក្រោយដែរ ដោយបានធ្វើឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់ ក្រោយពេលដែលក្រុមហ៊ុននេះ បង្ហាញនូវស្មាតហ្វូននេះនៅទីផ្សារដទៃជាច្រើនទៀត។ ការធ្វើបែបនេះ គឺដោយសារតែជាគោលការណ៍របស់ក្រុមហ៊ុន Apple និងប្រព័ន្ធគ្រប់គ្រងរបស់កូរ៉េខាងត្បូង។  គ្រប់ផលិតផលអេឡិចត្រូនិកទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវតែមានការបញ្ជាក់ចេញពីស្ថាប័នជាតិវិទ្យុសកម្ម (National Radio Research Agency) ហើយព័ត៌មានលម្អិតរបស់វាក៏មានការបង្ហាញនៅលើវេបសាយរបស់ស្ថាប័ននេះផងដែរ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ Apple ហាក់ដូចជាកំពុងពិចារណាឡើងវិញនូវយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ទីផ្សារកូរ៉េ ដែលជំរុញដោយតម្រូវការស្ថិរភាពរបស់ប្រទេស និងសក្តានុពលសម្រាប់ការលក់ដំបូងជាវិជ្ជមាន។ ទិន្នន័យពី Canalys អះអាងថា ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះមកត្រឹម ១៤% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ១៦% កាលពីឆ្នាំមុន។

គួរជម្រាបថា ការធ្លាក់ចុះនេះបានរុញ Apple ចេញពីក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង៥ នៅក្នុងប្រទេសចិន ដែលផ្តល់ឱកាសដើម្បីផ្លាស់ប្តូរទីតាំងវាយលុកទីផ្សារផ្សេងទៀត ដូចជាប្រទេសកូរ៉េជាដើម៕