(ឡុងដ៍)៖ លោក Lee Carsley ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មុនយុទ្ធនាការ Nations League របស់ពួកគេ ដែលនឹងចាប់ផ្ដើមនៅខែក្រោយ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់អង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
Carsley បានក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស U-21 ចាប់តាំងពីឆ្នាំ២០២១ មក ហើយបានដឹកនាំពួកគេឈ្នះពានរង្វាន់ European Under-21 Championship ក្នុងឆ្នាំ២០២៣។
សមាគមបាល់ទាត់អង់គ្លេស បានលើកឡើងថា លោក Carsley នឹងទទួលបន្ទុកដឹកនាំជាលើកដំបូងលើក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតរបស់ពួកគេ នៅខែកញ្ញាខាងមុខ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងបន្តដឹកនាំរហូតដល់រដូវស្លឹកឈើជ្រុះ ស្របពេលដែលសមាគមបាល់ទាត់អង់គ្លេស បន្តការស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍។
បុរសវ័យ ៥០ឆ្នាំរូបនេះ បានទទួលបន្ទុកដឹកនាំក្រុមឈុតធំអង់គ្លេស បន្ទាប់ពីលោក Gareth Southgate បានលាលែងពីតំណែងកាលពីខែមុន ក្រោយពីកាន់តំណែងជាអ្នកចាត់ការ ជិត ៨ឆ្នាំ បន្ទាប់ពីអង់គ្លេសបានចាញ់អេស្ប៉ាញ ក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤៕