(ប៉ារីស)៖ ប្រធានាធិបតីប្រទេសបូតស្វាណា បានប្រកាសយករសៀលថ្ងៃសុក្រ ជាថ្ងៃឈប់សម្រាកជាតិ ដើម្បីអបអរសាទរ អត្តពលិក Letsile Tebogo ដែលដណ្តើមបានមេដាយមាស នៅឯព្រឹត្តិការណ៍ Olympics ជាលើកដំបូងជូនជាតិ ដោយឈ្នះក្នុងវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ នៅទីក្រុង Paris កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

Tebogo ដណ្តើមបានមេដាយមាស តាមរយះរត់លឿនជាងអត្តពលិកអាមេរិក Kenny Bednarek និង Noah Lyles ដោយក្លាយជាអត្តពលិកដំបូងគេប្រចាំទ្វីបអាហ្វ្រិក ដែលដណ្ដើមបានមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ និងក្លាយជាអ្នករត់ផ្នែកបុរស ដែលមានល្បឿនលឿនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រលើរយៈចម្ងាយនេះ។

អត្តពលិកវ័យ ២១ឆ្នាំរូបនេះ បានឈ្នះមេដាយមាស បន្ទាប់ពីប្រើពេលវេលាត្រឹមតែ ១៩.៤៦វិនាទីប៉ុណ្ណោះ លើវិញ្ញាសាមួយនេះ៕