(បរទេស)៖ កាលពីប៉ុន្មានខែមុនមានដំណឹងលេចលឺថា ក្រុមហ៊ុនចិន Hauwei កំពុងធ្វើការលើឧបករណ៍ដែលអាចបត់បាន ប៉ុន្តែរហូតមកទល់នេះនៅមិនទាន់មានការបង្ហាញណាមួយចេញពីក្រុមហ៊ុន​ Huawei នៅឡើយនោះទេ។ យ៉ាងណាទាក់ទិននឹងរបាយការណ៍ដូចគ្នានេះ អតីតនាយកប្រតិបត្តិ (CEO) លោក Richard Yu ដែលបច្ចុប្បន្នកំពុងបម្រើការជាប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានគេប្រទះឃើញកំពុងប្រើប្រាស់ស្មាតហ្វូនដែលអាចបត់បាន ៣កន្លាក់ ដែលត្រូវបានគេសន្មតថានោះ គឺជាគម្រោងថ្មីនៅឧបករណ៍អេក្រង់បត់របស់ក្រុមហ៊ុនចិនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។

យោងតាមរូបភាពបែកធ្លាយនោះ​ គេប្រទះឃើញស្មាតហ្វូនអេក្រង់បត់ ៣កន្លាក់របស់ Huawei មានអេក្រង់ប្រហែល ១០អ៊ីង មានរន្ធ pucnh-hole កាមេរ៉ាមុខ/ កាមេរ៉ា Selfie នៅចំកណ្តាល និងស្ថិតនៅអេក្រង់ខាងឆ្វេង។ ស្មាតហ្វូននេះ ក៏មានស្នាមផ្នត់/ កន្លាក់បត់អេក្រង់ចំនួនពីរផងដែរ ជំនួសឱ្យស្នាមផ្នត់មួយដែលឃើញកន្លងមកនៅលើ Huawei Mate X5, vivo X Flod3 Pro និង Samsung Galaxy Z Fold6។

ប្រភពពី Tipster Digital Chat Station (DCS) បាននិយាយថា ស្មាតហ្វូនដែលលោក Yu កំពុងប្រើត្រូវបានគេមើលឃើញថាមានរូបរាងស្រដៀងទៅនឹងគំរូ R&D ដែលពួកគេបានឃើញពីមុនមក ខណៈគម្រោងនោះ Huawei ធ្លាប់បង្ហើបថាពួកគេសិក្សាអស់រយៈពេល ៥ឆ្នាំមកហើយ។

យោងតាមប្រភពពី DCS ដដែលបានគូសបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ ៣កន្លាក់នេះ នឹងចេញជាផ្លូវការមុខ Mate 70 ដែលទំនងជាអាចមកក្នុងអំឡុងត្រីមាសទី៤ ចុងឆ្នាំនេះ៕