(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែបានស្គាល់ ប.ស.ស. ដែលមានពាក្យពេញថា «បេឡាជាតិសន្តិសុខសង្គម» គឺជាគ្រឹះស្ថានសាធារណៈមួយដែលស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលផ្នែកបចេ្ចកទេសនិងស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ ។

ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខុមាលភាព និងជីវភាព លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ តាមរយៈការចូលជាសមាជិក ប.ស.ស. ដែលបានទទួលនូវអត្ថប្រយោ ជន៍ ជាច្រើនពី ប.ស.ស. ។ ក្នុងនោះបុគ្គលិកវិស័យឯកជន ក៏អាចទទួលអត្ថប្រយោជន៍ទៅលើផ្នែកហានិភ័យការងារ ដូចបុគ្គលិកវិស័យសាធារណៈដែរ ។

តើសមាជិករបស់ ប.ស.ស. បានទទួលអត្ថប្រយោជន៍អ្វីខ្លះលើផ្នែកហានិភ័យការងារ?

ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «អត្ថប្រយោជន៍ ប.ស.ស. ផ្នែកហានិភ័យការងារ» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

មុននឹងឈានដល់ខ្លឹមសារនៃប្រធានបទ សូមធ្វើការស្វែងយល់អំពីពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា៖ ពាក្យ “ហានិភ័យការងារ” សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងដោយឥតគ្រោងទុក បណ្តាលមកពីគ្រោះថ្នាក់ការ ងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងវិជ្ជាជីវៈ ។ ពាក្យ “ជំងឺវិជ្ជាជីវៈ” សំដៅដល់សភាពនៃរោគសមុដ្ឋាន ឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគ ឬជំងឺ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកត្តានានានៃការងារមានជាអាទិ៍ អំឡុងពេលធ្វើការងារកន្លែងធ្វើការងារ របៀបធ្វើការងារ សារធាតុ ឬវត្ថុធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការជាដើម ដែលអាចធ្វើឱ្យកើតរោគ ឬជំងឺ ទោះបីក្នុងអំឡុងពេលដែលសាមីជនកំពុងបំពេញការងារ ឬមុខរបរ ឬក្រោយអំឡុងពេលដែលលែងបំពេញការងារ ឬមុខរបរទាំងនោះក្តី ។

ពាក្យ “គ្រោះថ្នាក់ការងារ” សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារ ឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះ ឬគ្មានកំហុសក៏ដោយ ដែលបណ្តាលឱ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ ។ ពាក្យ “គ្រោះថ្នាក់ពេលធ្វើដំណើរ” គឺសំដៅដល់គ្រោះថ្នាក់កើតឡើងពេលធ្វើដំណើរនៅលើកំណាត់ផ្លូវត្រង់រវាងលំនៅឋាន និងកន្លែងធ្វើការងារក្នុងថិរវេលាសមស្រប។

ចំពោះការទទួលបានអត្ថប្រយោជន៍ផ្នែកហានិភ័យការងារមានដូចជា៖

*១. ការផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត៖ ការព្យាបាល និងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ ការផ្តល់សេវាសង្រ្គោះបន្ទាន់ ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល ការផ្តល់សេវាដឹកសព ឬសេវាបញ្ជូនជនរងគ្រោះដែលត្រូវសង្រ្គោះបន្ទាន់ និងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែទាំអ្នករងគ្រោះ ក្នុងពេលសម្រាកព្យាបាលសម្រាប់ករណីធ្ងន់ធ្ងរដែលសាមីជន រងគ្រោះ មិនអាចបម្រើខ្លួនឯងបាន ។

*២. ការផ្តល់ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន៖ តាវកាលិកនេះ សំដៅដល់ការអាក់ខានមិនអាចធ្វើការងារក្នុងរយៈពេលនៃការសម្រាកព្យាបាលជំងឺ ឬមុខរបួសដែលបណ្តាលមកពីហានិភ័យការងារដោ យគិតរួមទាំងការសម្រាកក្រោយការព្យាបាលតាមវេជ្ជបញ្ជានៃគ្រូពេទ្យផ្លូវការដែលទទួលស្គាល់ដោយ ប.ស.ស. ។ ចំពោះការអាក់ខាននេះ ជនរងគ្រោះ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ដោយផ្តល់ជូនរាប់ចាប់ពីថ្ងៃទីពីរ ដែលសាមីជនរងគ្រោះថ្នាក់រហូតមុខរបួស ឬជំងឺជាសះស្បើយ ឬទទួលមរណភាពដោយគិតរួមទាំងរយៈពេលដែលគ្រូពេទ្យព្យាបាលអនុញ្ញាតឱ្យឈប់សម្រាកបន្ទាប់ពីចេញពីមូលដ្ឋានសុខាភិបាលផងដែរ ។

*៣. ការផ្តល់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ និងវិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍៖សមាជិក ប.ស.ស. ជាបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះដែលទទួលរងហានិភ័យការងារបណ្តាលឱ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្នុងកម្រិតចាប់ពី ២០% ឡើង អាចទទួលបានការផ្តល់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ និងវិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ។ បើតម្រូវឱ្យមានអ្នកថែទាំនោះអ្នកថែទាំទទួលបាន៥០% នៃប្រាក់ឧបត្ថម្ភដែលជនរងគ្រោះត្រូវទទួល ។ ចំពោះអាជ្ញាយុកាលនៃការស្នើសុំប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍មានរយៈពេល ៥ឆ្នាំ រីឯ
អា ជ្ញា យុកាលនៃការស្នើសុំប្រាក់វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ មានរយៈពេល ១ឆ្នាំ ។

*៤. វិភាជន៍បូជាសព និងធនលាភឧត្តរជីវី៖ វិភាជន៍បូជាសព សំដៅដល់ប្រាក់ឧបត្ថម្ភសម្រាប់ការចាត់ចែងបូជាសពសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវិត ។ វិភាជន៍បូជាសព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ និងបុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ចំនួន ១០ ០០០ ០០០ (ដប់លាន) រៀល ដោយត្រូវផ្តល់ជូនសិទ្ធិវន្តដែលស្ថិតនៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះ ឬអ្នករៀបចំចាត់ចែងបូជាសព ។ ចំណែកឯ ធនលាភឧត្តរជីវី សំដៅដល់ប្រាក់ឧបត្ថម្ភដែលត្រូវបើកផ្ដល់ដល់សិទ្ធិវន្តឧត្តរជីវីរបស់សមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងាររហូតបាត់បង់ជីវិត ។ សិទ្ធិវន្តនៃធនលាភឧត្តរជីវី រួមមាន សហព័ទ្ធនិងកូន ព្រមទាំងឪពុកម្តាយ ឬមនុស្សចាស់ជរាដែលរស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជន មុនពេលទទួលមរណភាព ។

*៥. សេវាស្តារនីតិសម្បទា

ក. សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត ត្រូវបានផ្តល់ជូនសមាជិក ប.ស.ស. ដែលទទួ ល រងហានិភ័យការងារ សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត ឬសម្រាប់ជួយសម្រួលដល់ជនរងគ្រោះ ដែលបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ ។

ខ. សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ត្រូវបានផ្តល់ជូនសមាជិក ប.ស.ស. ដែលធ្លាក់ខ្លួនពិការដោយហានិភ័យការងារ ដើម្បីមានឱកាសទទួលបានការងារ ឬមុខរបរថ្មី ស្របតាមកាយសម្បទារបស់ខ្លួន ។ ដើម្បីទទួលបានសេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ជនពិការត្រូវមានលក្ខខណ្ឌកាយសម្បទា និងសតិបញ្ញាសមស្រប ។ ការបណ្ដុះបណ្ដាលនេះ ត្រូវបានផ្ដល់ជូនរយៈពេលយ៉ាងយូរ ០១ (មួយ) ឆ្នាំ ។

គ. សេវាសង្គម ត្រូវបានផ្ដល់ជូនសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារបណ្ដាលឱ្យពិការភាព មានសិទ្ធិទទួលបាននូវសេវាដូចជា ការប្រឹក្សា ការតម្រង់ទិស ការអប់រំចិត្តសាស្រ្ត និងសេវាសង្គមនានា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវផ្នែកចិត្តសាស្រ្តសង្គម ទទួលបានភាពម្ចាស់ការស្របតាមស្ថានភាពរស់នៅប្រចាំថ្ងៃ ។

សរុបជារួមមក ប.ស.ស. បានផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះផ្នែកហានិភ័យការងារ ដល់បុគ្គលិកវិស័យសាធារណៈ និងបុគ្គលិកវិស័យឯកជន ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលជួយសម្រួលដល់ជីវភាពរស់នៅ និងការសម្រាលបន្ទុកផ្សេងៗរបស់ប្រជាពលរដ្ឋ ។

រៀបរៀងដោយ៖ មេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ហេង មរកត ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕