(បរទេស)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍អាមេិរក Cisco ត្រូវបានរាយការណ៍មកថា នឹងកាត់បន្ថយការងាររាប់ពាន់កន្លែងបន្ថែមទៀត ក្នុងជុំទីពីរនៃការបញ្ឈប់ប្រចាំឆ្នាំ២០២៤នេះ ខណៈដែលក្រុមហ៊ុននេះព្យាយាមផ្លាស់ប្តូរគោលដៅរបស់ខ្លួន ដោយផ្តោតទៅលើវិស័យដែលមានកំណើនខ្ពស់ ក្នុងនោះរួមមានផ្នែកសន្តិសុខតាមអ៊ីនធឺណិត និង AI ជាដើម។ នេះបើតាមការចេញញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។

ប្រភពមិនបញ្ចេញឈ្មោះ បាននិយាយថា ចំនួនមនុស្សដែលរងផលប៉ះពាល់នៃការបញ្ឈប់លើកនេះ គឺអាចប្រហែល៤ពាន់នាក់ដែលត្រូវបានបញ្ឈប់នៅក្នុងខែកុម្ភៈ ឬអាចច្រើនជាងនេះ ខណៈថ្ងៃប្រកាសបញ្ឈប់ផ្លូវការអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ អមជាមួយការប្រកាសលទ្ធផលត្រីមាសទី៤របស់ក្រុមហ៊ុន។ កន្លងទៅគេក៏បានដឹងដែរថា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ផ្តាច់មុខពីការកាត់បន្ថយការងាររបស់ Cisco ដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា កាលពីខែកុម្ភៈ មុនពេលក្រុមហ៊ុនបានប្រកាសរឿងនេះជាផ្លូវការ។

គួរជម្រាបថា ក្រុមហ៊ុន Cisco បានជួលមនុស្សប្រហែល ៨៤,៩០០ ឲ្យប្រើការងារក្នុងក្រុមហ៊ុនរបស់ខ្លួន គិតត្រឹមខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមឯកសារប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ ជុំវិញដំណឹងថ្មីខាងលើនេះ Cisco មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ភាគហ៊ុន Cisso បានធ្លាក់ចុះជិត 1% បន្ទាប់ពី Reuters បានរាយការណ៍ជាលើកដំបូងអំពីការកាត់បន្ថយការងារលើកនេះ៕