(ភ្នំពេញ)៖ កីឡាករកម្ពុជា ២រូប រួមមានលោក វង្ស គឹមហួត និងសិស្សប្អូន ហេង បញ្ញា បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែង ដើម្បីប្រជែងពានរង្វាន់ជូនជាតិ នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី Asia Cross Country Rally 2024។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្រោយពិធីបើកការប្រកួតនាល្ងាចថ្ងៃអាទិត្យ មុនចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១២-១៧ ខែសីហា។

សម្រាប់លោក វង្ស គឹមហួត ក្នុងនាមកីឡាករមានបទពិសោធន៍ចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះជាង ១០ឆ្នាំ បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំជាមួយដៃគូរបស់ខ្លួន នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក៏ដូចជាការសហការគ្នាឲ្យបានល្អជាមួយក្រុមការងារបច្ចេកទេសខ្លួន ដើម្បីស្វែងរកជ័យជម្នះជូនជាតិឲ្យបាន ទោះបីលោកដឹងថា ការប្រកួតឆ្នាំនេះមានក្រុមកីឡាករខ្លាំងៗ និងរថយន្ដល្អៗចូលរួមច្រើនជាងឆ្នាំមុនក៏ដោយ។

អតីតម្ចាស់ពាន Class សាំង ឆ្នាំ២០២២ ដដែលបន្ដថា ក្រៅពីគូប្រជែង ក្រុមទាំងមូល ក៏នឹងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការងារបច្ចេកទេស ទាំងការបើកបរ ការបង្ហាញផ្លូវ ពិសេសម៉ាស៊ីនរថយន្ដ និងប្រព័ន្ធសុវត្ថិភាពជាដើម ដោយលោកមិនចង់ឲ្យមានបញ្ហាបច្ចេកទេសដូចកាលពីឆ្នាំមុន ដែលនាំក្រុមកម្ពុជា ទទួលបានលទ្ធផលមិនសូវល្អនោះទេ។ ប៉ុន្ដែជាក់ស្ដែងពេលនេះ ក្រុមរបស់កម្ពុជា គឺបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតផ្លូវការ។

ចំណែកកីឡាករវ័យក្មេង ហេង បញ្ញា បានលើកឡើងថា ឆ្នាំនេះមិនងាយស្រួលនោះទេ ព្រោះចំនួនកីឡាករចូលរួមក៏ច្រើនជាងមុន ហើយប្រជុំដោយជើងខ្លាំងជាច្រើន។ បែបនេះក្ដី បញ្ញា បានតាំងចិត្តយ៉ាងមុតមាំជាមួយដៃគូ និងក្រុមការងារ នឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមពានរង្វាន់ជូនជាតិឲ្យបាន។

គួរដឹងថា ព្រឹត្តិការណ៍ Asia Cross Country Rally 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៧ ខែសីហា ឆ្នាំ២០២៤ ដោយដំណាក់កាលទី១ ត្រូវប្រណាំងនៅក្នុងខេត្តសូរ៉ាតថានី និងដំណាក់កាលទី២ ត្រូវប្រណាំងពីខេត្តសូរ៉ាតថានី ទៅខេត្តហួហ៊ីន។ ប៉ុន្ដែមុនការប្រកួតមកដល់ ក្រុមប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គម្ពុជា បានធ្វើដំណើរដោយបើកបររថយន្ដប្រណាំងសាកល្បង និងត្រួតពិនិត្យបច្ចេកទេស លើចម្ងាយផ្លូវពីកម្ពុជា ទៅថៃជាង ១,៣០០គីឡូម៉ែត្រ តាំងពីថ្ងៃទី០៥ ខែសីហាមកម្ល៉េះ៕