(បរទេស)៖ កម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម TikTok ត្រូវបានគេមើលឃើញថា ចាប់ផ្តើមមានសេវាកម្មផ្ញើសារដ៏ពេញនិយម មិនខុសពី WhatsApp របស់ Meta និង Messages របស់ Apple ឡើយ ខណៈនៅថ្ងៃចន្ទដើមសប្តាហ៍នេះក្រុមហ៊ុនបានប្រកាសថា ខ្លួនកំពុងបន្ថែមមុខងារថ្មី គឺការជជែកជាក្រុមទៅក្នុងវេទិការបស់ខ្លួន។ ពោលអ្នកប្រើប្រាស់កម្មវិធី TikTok អាចបង្កើតក្រុមជជែកកំសាន្តបានជាមួយសមាជិករហូតដល់៣២នាក់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។

ខណៈពេលដែលអ្នកប្រើប្រាស់ចែករំលែកវីដេអូលើ TikTok ជាមួយគ្នានោះពួកគេក៏អាចបង្កើតក្រុមជជែកកំសាន្តបានដែរ ក្រោយ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលមកបទពិសោធន៍ថ្មីមួយនេះលើវេទិការបស់ខ្លួន។ បើនិយាយទៅ ក្រៅពីការទស្សនាវីដេអូកំសាន្ត អ្នកប្រើប្រាស់អាចបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការផ្ញើសារ ឬបង្កើតក្រុមជជែកកំសាន្តដោយងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយការបង្កើតក្រុមនេះ គឺក្រុមមានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុលើសពី១៥ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន TikTok ក៏បានប្រកាសថា ខ្លួនបន្ថែមវិធានការសុវត្ថិភាពពិសេសនានា ដើម្បីការពារក្មេងជំទង់ដែលមានអាយុចន្លោះពី ១៦ទៅ ១៧ឆ្នាំ ពីហានិភ័យនានា៕