(បរទេស)៖ មហាសេដ្ឋីជនជាតិប៉ូឡូញលោក Rafal Brzoska និងភរិយា បានប្រកាសថានឹងប្តឹង Meta Platform ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ជុំវិញការប្រើប្រាស់រូបភាពរបស់ពួកគេដោយគ្មានការអនុញ្ញាតក្នុងការផ្សាយពាណិជ្ជកម្មក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
លោក Brzoska បាននិយាយថា លោក និងភរិយានៅមិនទាន់សម្រេចចិត្តលើយុត្តាធិការដើម្បីដាក់ពាក្យបណ្តឹងដែលបានគ្រោងទុកនោះទេ ខណៈរឿងក្តីនេះមិនបញ្ចប់ឡើយ Meta ត្រូវតែទទួលខុសត្រូវចំពោះការផ្សាយពាណិជ្ជកម្មបែបនេះ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា ក្រុមហ៊ុនបានដកការផ្សាយពាណិជ្ជកម្មមិនពិតចេញពីភ្លេតហ្វមរបស់ខ្លួនភ្លាមៗនៅពេលដែលដឹងអំរឿងនេះ ព្រមទាំងធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រយុទ្ធប្រឆាំងនិងជនបោកប្រាស់ទាំងអស់នោះថែមទៀតផង។ យ៉ាងណាលោក Brzoska ដែលជាស្ថាបនិក និងជាភាគទុនិកដ៏ធំបំផុតរបស់ក្រុមហ៊ុន InPost locker របស់ប៉ូឡូញ បានរាយការណ៍ថាគាត់បានជូនដំណឹងដល់ Meta អំពីបញ្ហានេះកាលពីដើមខែកក្កដា ប៉ុន្តែអះអាងថាក្រុមហ៊ុនមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីដោះស្រាយវាទេ។ លោក Brzoska បានប្រាប់រ៉យទ័រថា «យើងគ្រោងនឹងដាក់ពាក្យបណ្តឹងឯកជនមួយប្រឆាំងនឹង Meta... យើងមិនទាន់បានកំណត់ថា តើយុត្តាធិការណាមួយដែលយើងនឹងប្តឹង Meta នោះទេ។ យើងនឹងសម្រេចចិត្តនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ»។ លោកបន្ថែមទៀតថា «...យើងកំពុងពិចារណាទាំងស្រុងនូវសេណារីយ៉ូទាំងអស់ រួមទាំងបណ្តឹងនៅសហរដ្ឋអាមេរិក ប្រសិនបើមានភាពអសកម្មនៅក្នុងទ្វីបអឺរ៉ុប»។
គូស្នេហ៍មហាសេដ្ឋីមួយគូរនេះ មានបំណងចង់ឱ្យ Meta បញ្ឈប់ការរកប្រាក់ចំណេញពីខ្លឹមសារបំភាន់បែបនេះ ហើយទាមទារឱ្យផ្តល់ជាសំណងដ៏ធំមួយ (ខណៈមិនបញ្ជាក់ទំហំទឹកប្រាក់នោះទេ) ដើម្បីយកទៅបរិច្ចាគក្នុងអង្គការសប្បុរសធម៌ ពោលគឺក្នុងកម្រិតមួយសមល្មមនៃប្រាក់ចំណូលដែល Meta បានមកពីការផ្សាយពាណិជ្ជកម្មមិនពិតប្រភេទនេះ។
គួរជម្រាបដែរថា កាលពីសប្តាហ៍មុន ប្រធានការិយាល័យការពារទិន្នន័យផ្ទាល់ខ្លួននៅប្រទេសប៉ូឡូញក៏បានបញ្ជាឱ្យ Meta បញ្ឈប់ការបង្ហាញការផ្សាយពាណិជ្ជកម្មមិនពិតទាំងនេះដែលបង្ហាញពី Brzoska និងប្រពន្ធរបស់គាត់សម្រាប់រយៈពេលបីខែផងដែរ៕