(បរទេស)៖ សារព័ត៌មាន The Elec បាយរាយការណ៍ថា ក្រុមហ៊ុន LG Display កំពុងស្វែងរកសំណងពី Apple បន្ទាប់ពីការលុបចោលភ្លាមៗនូវគម្រោងបញ្ជាទិញអេក្រង់ microLED របស់ Apple Watch និងបានអះអាងថា ខ្លួនបានវិនិយោគយ៉ាងច្រើនក្នុងការរៀបចំគម្រោងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
ជាលទ្ធផលនៃការលុបចោលគម្រោង microLED នេះ ក្រុមហ៊ុន LG ទំនងជាត្រូវបានបន្យល់ទុកនូវការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំការចំណាយលើការទិញប៉ាតង់ចំនួន ១៤ របស់សហរដ្ឋអាមេរិកទាក់ទងនឹងបច្ចេកវិទ្យា microLED ពីក្រុមហ៊ុន Ultra Display Technology របស់តៃវ៉ាន់។ របាយការណ៍បានឱ្យដឹងថា ឥឡូវនេះ LG ក៏កំពុងប្រឈមមុខនឹងការទាមទារសំណងពីក្រុមហ៊ុនដៃគូផងដែរ ដោយរឿងរ៉ាវនេះកំពុងច្របូកច្របល់ ខណៈដែលដៃគូមួយចំនួនដែលបានចូលរួមក្នុងគម្រោងវិនិយោគនេះ មិនត្រូវបានចុះកិច្ចសន្យាជាផ្លូវការនោះទេ។ ជាងនេះទៅទៀត ក្រុមហ៊ុន LG ក៏បានចំណាយទៅលើការផ្លាស់ប្តូរទីកន្លែងផលិតទៅខេត្តថ្មី ដើម្បីគាំទ្រដល់កម្រោង microLED backplane ព្រមទាំងជ្រើសរើសបុគ្គលិកឯកទេសថែមទៀតផង។ សរុបមកក្រុមហ៊ុន LG ត្រូវបានរបាយការណ៍គូសបញ្ជាក់ថា បានចំណាយប្រាក់រាប់រយពាន់លានវ៉ុនឯណោះ ដើម្បីរៀបចំសម្រាប់ដំណើរការផលិត Apple Watch។
គួរជម្រាបដែរថា ការសម្រេចចិត្តរបស់ Apple ក្នុងការលុបចោលគម្រោងនេះ គឺផ្អែកលើការព្រួយបារម្ភអំពីលទ្ធភាពសេដ្ឋកិច្ចនៃបច្ចេកវិទ្យា microLED។ Apple គូសបញ្ជាក់ថា បើទោះបីជាអេក្រង់ប្រភេទនេះមានគុណសម្បតិ្តច្រើនក៏ដោយ ប៉ុន្តែតម្លៃផលិតកម្មរបស់វាខ្ពស់ខ្លាំងពេក ហើយវាក៏មានបញ្ហាប្រឈមច្រើនទាក់ទងនឹងដំណើរការផលិតផងដែរ ដោយវាកាន់តែធ្វើឱ្យស្មុគ្រស្មាញក្នុងការផលិតអេក្រង់ក្នុងបរិមាណដែលត្រូវការ៕