(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ម្ចាស់ផ្ទះបារាំងបានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់នូវមហាកិត្តិយសសម្រាប់កម្ពុជា កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលទើបប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យកាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ។

ការគូសបញ្ជាក់នេះ ស្របពេលទេសរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូអូឡាំពិក អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលស្វាគមន៍ដំណើរមកដល់កម្ពុជាវិញ របស់កំពូលតារារ៉េបកម្ពុជា លោក វណ្ណដា បន្ទាប់ពីការបង្ហាញវត្តមានក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយភ្ញាក់ផ្អើល និងត្រូវបានប្រជាជនក្នុងតំបន់ និងលើពិភពលោកចាប់អារម្មណ៍ជាខ្លាំង ពិសេសប្រជាពលរដ្ឋកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា រឿងធំៗពីរ ដែលម្ចាស់ផ្ទះបារាំង បានផ្ដល់កិត្តិយសដល់កម្ពុជា ទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដ៏ល្អស្អាត ដាច់ដោយឡែកពីគេ ក្នុងពិធីដង្ហែរពិធីបើកព្រឹត្តិការណ៍ ទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ជាមហាកិត្តិយស ដែលបារាំង ផ្តល់ជូនកម្ពុជា ។

លោកបណ្ឌិតបានថ្លែងថា «នេះជាគោលការណ៍ និងជានយោបាយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ដែលជាការជួយលើកទឹកចិត្តដល់ប្រទេសដែលកំពុងមានការអភិវឌ្ឍ។ ក្នុងនាមអូឡាំពិកកម្ពុជា ខ្ញុំសូមអរគុណដល់ក្មួយ វណ្ណដា ដែលបាននាំមកនូវមហាកិត្តិយសដ៏ធំធេងដល់ប្រទេសជាតិយើង។ វណ្ណដា តែងតែចូលរួមព្រឹត្តិការណ៍កីឡារបស់ជាតិ ដូចជាពិធីបើក-បិទស៊ីហ្គេម ផងដែរ»

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា «ពិតណាស់! វត្តមាន ក្មួយ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងដល់ចលនាអូឡាំពិកពិភពលោក ពិសេសចលនាអូឡាំពិកកម្ពុជាយើង។ ខ្ញុំគិតថា នេះជាចលករមួយដ៏ធំ សម្រាប់ឲ្យយុវជនយើង ពិសេសតារាចម្រៀងរ៉េប ព្រោះតន្ដ្រីរ៉េបនេះ គឺជាចំណង់ចំណូលចិត្តរបស់យុវជនយើងបច្ចុប្បន្ន ស្របពេលព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ឆ្នាំនេះ ម្ចាស់ផ្ទះបានរៀបចំបន្ថែមឲ្យមានប្រភេទកីឡា ដែលមាននិន្នាការយុវជនជាច្រើន ដូចជា Break Dance ដែលជាកីឡាកំពុងពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាសិល្បៈចម្រៀងរ៉េបនេះ ដែលជាចំណង់ចំណូលចិត្តដ៏ធំរបស់យុវជនផងដែរ»។

ទន្ទឹមជាមួយដំណើរមកដល់មាតុភូមិ ជាមួយការសាទរភ្លូកទឹកភ្លូកដីនេះដែរ តារារ៉េប វណ្ណដា បានបង្ហាញមោទនភាពជាខ្លាំង ដ្បិតលោកមិនអាចឆ្លើយលម្អិតពីដំណើរទៅចូលរួមក៏ដោយ។ វណ្ណដា និយាយថា «ខ្ញុំអត់អាចនិយាយពីចំណុចនេះបាន តែខ្ញុំអាចនិយាយពីការនាំយកទង់ជាតិខ្មែរ ក៏ដូចជានាំយកភាសាខ្មែរ ហើយយើងពិតជាមានមោទនភាពមែនទែន ក្នុងការបានទៅសម្ដែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសបារាំង។ ខ្ញុំអត់ដឹងថា តើប៉ុន្មានឆ្នាំមានម្ដងទេ ពីព្រោះនេះគឺជាឱកាសអាចថាមួយជីវិតមានតែម្ដងទេ។ ដូច្នេះគឺមោទនភាពមែនទែនសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ប្រជាជន និងប្រទេសរបស់យើង គឺខ្ញុំគិតថានេះគឺភាពឈ្នះដ៏ធំមួយ។ ខ្ញុំសង្ឃឹមថានឹងមានអ្វីភ្ញាក់ផ្អើល (Surprise) បន្ដទៀត»

ជាមួយគ្នាដែរ វណ្ណដា ក៏បានសម្ដែងនូវការអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា លោកបណ្ឌិត ថោង ខុន, លោក វ៉ាត់ ចំរើន និងពុកម៉ែបងប្អូនអ្នកគាំទ្រ ដែលបានអបអរសាទរ និងទទួលស្វាគមន៍រូបលោក ជាមួយនឹងសមិទ្ធផល ដែល វណ្ណដា បានចាត់ទុកជាជ័យជម្នះថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា។ តាមរយៈ សមិទ្ធផលនេះដែរ វណ្ណដា បានបញ្ជាក់ថា មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួននោះទេ គឺជាមោទនភាពជាតិទាំងមូល ហើយក៏សង្ឃឹមថា សិល្បករខ្មែរផ្សេងៗ ទាំងអ្នកបានសម្ដែង ឬមិនទាន់បានសម្ដែង នឹងអាចមានវត្តមានដូចខ្លួនដែរនៅថ្ងៃអនាគត។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្តេចតេជោ និងសម្តេចធិបតី លោកបានសម្តែងនូវអបអរសាទរ កោតសរសើរ និងអរគុណដល់ វណ្ណដា ក្នុងនាមជាកូនខ្មែរ និងជាសិល្បកររ៉េបដ៏ល្បីល្បាញមួយរូប ដែលបាននាំមកនូវកិត្តិយសដ៏ធំធេងជូនជាតិ តាមរយៈការចូលរួមសម្តែងបទចម្រៀងរ៉េបកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ ដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះ លើកទី៣៣ នេះ។

ជាការឆ្លើយតប វណ្ណដា បានបន្ថែមថា «ខ្ញុំផ្ទាល់ វណ្ណដា ខ្ញុំសូមថ្លែងអំណរគុណសម្ដេចពុក ក៏ដូចជាសម្ដេចធិបតី ខ្ញុំឃើញលោក Post គឺសម្តេចទាំងពីរ លោកពិតជាមានមោទនភាពមែនទែនសម្រាប់ការសម្ដែងមួយនេះ។ ខ្ញុំសូមជូនពរសម្ដេចពុក ក៏ដូចជាសម្ដេចធិបតី សូមប្រកបដោយសុខភាពល្អ សំណាងល្អ និងសង្ឃឹមថា នឹងមានជោគជ័យជាច្រើន សម្រាប់ប្រទេសជាតិកម្ពុជាបន្ដទៀត»