(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប Intel ដែលទើបតែប្រកាសកាត់បន្ថយការងាររាប់ពាន់កន្លែងនោះ នៅពេលនេះត្រូវបានរាយការណ៍មកថា បានលក់ភាគហ៊ុនចំនួន ១.១៨លានភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនបន្ទះឈីបរបស់ចក្រភពអង់គ្លេស Arm Holdings នៅក្នុងត្រីមាសទីពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ក្រុមហ៊ុន Intel ត្រូវបានគេរំពឹងថា នឹងរៃអង្គាសប្រាក់បានប្រហែល ១៤៦.៧ លានដុល្លារពីការលក់នេះ ដោយផ្អែកលើតម្លៃជាមធ្យមនៃភាគហ៊ុនរបស់ Arm នៅចន្លោះខែមេសា និងខែមិថុនា។ នេះបើយោងតាមការគណនារបស់ Reuters ។ ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងកាត់បន្ថយច្រើនជាង១៥% នៃកម្លាំងការងារសរុបក្នុងក្រុមហ៊ុន និងផ្អាកការចែកភាគលាភដល់ម្ចាស់ភាគហ៊ុន ដើម្បីទប់ទល់ចំណាយ។ យ៉ាងណាមិញ ជុំវិញការលក់ភាគហ៊ុននៅពេលនេះ ទាំង Intel និង ARM បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ពេល Reuters ទាក់ទងទៅដើម្បីសុំសម្ភាសន៍។

លោក Cody Acree អ្នកវិភាគមកពី Benchmark Co បានមានប្រសាសន៍ថា «មើលទៅ Intel កំពុងធ្វើផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការផ្តោតជាថ្មីលើសាច់ប្រាក់ និងប្រសិទ្ធភាពដែល នាយកប្រតិបត្តិ Gelsinger បានដាក់ចេញនាពេលថ្មីៗនេះ»។ ភាគហ៊ុនរបស់ Intel បានបាត់បង់ច្រើនជាង ៥៩% ក្នុងឆ្នាំនេះ ដោយបានធ្លាក់ចុះ ២៦% កាលពីថ្ងៃទី២ ខែសីហា បន្ទាប់ពីក្រុមហ៊ុនបានព្យួរការចែកភាគលាភ៕