(ភ្នំពេញ)៖ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាបំពេញនូវរាល់ចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតជើងឯកពិភពលោក នាខែវិច្ឆិកាខាងមុខ បន្ទាប់ពីដណ្ដើមបានមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។
ការតាំងចិត្ដនេះ បន្ទាប់ពីប្រតិភូកីឡាកាយវប្បកម្មកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការស្វាគមន៍ពីលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា ។ ចំពោះការប្រកួតនេះ ធ្វើឡើងពីថ្ងៃទី០៦-១២ ខែសីហាកន្លងទៅ ដោយកម្ពុជា បានបញ្ជូនកីឡាករម្នាក់គត់ចូលរួម និងដណ្ដើមបានមេដាយមាសជូនជាតិតែម្ដង ។
ឃូ ឃាងហ៊ុយ បានបង្ហាញក្តីរំភើបរីករាយ រហូតស្រក់ទឹកភ្នែក ក្រោយដណ្ដើមបានមេដាយមាស ពិសេសបន្ទាប់ពីលឺភ្លេងជាតិកម្ពុជា ត្រូវបានបន្លឺឡើងក្នុងពិធីបំពាក់មេដាយ នៃព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ ។ ការណ៍នេះ បានធ្វើឲ្យរូបគេ តាំងចិត្តយ៉ាងមុតមាំ បន្ទាប់ពីត្រឡប់មកដល់មាតុភូមិវិញ ខ្លួនប្ដេជ្ញានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសម៉ាល់ឌីវ នាដើមខែវិច្ឆិកាខាងមុខ ។
ទន្ទឹមជាមួយជោគជ័យនេះដែរ លោក តិក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ដែលជាប្រតិភូដឹកនាំ និងជាចៅក្រមអន្ដរជាតិ បានបង្ហាញក្តីរីករាយជាខ្លាំង ដែលកីឡាករវ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយមាសជូនជាតិ ដ្បិតទើបមានបទពិសោធន៍ប្រកួតអន្ដរជាតិ ២លើកប៉ុណ្ណោះ ដោយលើកទី១ ឃាងហ៊ុយ ដណ្ដើមបានមេដាយសំរឹទ្ធ នៅប្រទេសកូរ៉េ កាលពីឆ្នាំមុន ។ យ៉ាងណាមិញលោកបានមើលឃើញពីចំណុចខ្វះខាតខ្លះ ដែលកីឡាករវ័យ ២០ឆ្នាំរូបនេះ ត្រូវកែតម្រូវ មុនការប្រកួតជើងឯកពិភពលោកនាពេលខាងមុខ ។
ឆ្លៀតឱកាសនោះដែរ ក្នុងនាមសហព័ន្ធ លោកបានថ្លែងអំណរគុណក្រសួងអប់រំ ពិសេសរាជរដ្ឋាភិបាល តាំងពីសម្ដេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ដ្រី រហូតដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រ អនុញ្ញាតឲ្យក្រុមកីឡាកម្ពុជា រួមទាំងកីឡាកាយវប្បកម្ម បានបន្តកិច្ចខំប្រឹងប្រែងអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ និងចូលរួមការប្រកួតអន្ដរជាតិ រហូតដណ្តើមមេដាយជូនជាតិជារឿយៗ ។
គួរដឹងថា ក្នុងព្រឹត្តិការណ៍ 56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ សហព័ន្ធគ្រោងបញ្ជូនកីឡាករ ២រូបចូលរួមប្រកួត តែសោកស្ដាយកៀកថ្ងៃប្រកួត ដោយសារកីឡាករ ស្រ៊ិន រាជ្យ មានបញ្ហាសុខភាព(គ្រុនពោះវៀន) មិនអាចចូលរួមប្រកួតបាន ទើបសហព័ន្ធបញ្ជូនតែកីឡាករ ឃូ ឃាងហ៊ុយ ចូលរួមប្រកួត ដែលដឹកនាំដោយលោក តឹក ប៊ុនវី និងមានអ្នកស្រី អេមី សារីរ៉ុម ជាគ្រូបង្វឹកផងដែរ ៕