(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic បានផ្ដួចផ្ដើមរៀបចំការដាំដើមឈើយ៉ាងជោគជ័យ នាពេលថ្មីៗនេះ នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ នៅខេត្តកំពង់ស្ពឺ តាមរយៈគម្រោងមួយហៅថា Eco Relay ដោយមានការជួយជ្រោមជ្រែងពីបងប្អូនក្នុងសហគមន៍ បុគ្គលិក Panasonic ទាំងអស់គ្នាបានចូលរួមដាំកូនឈើសរុបចំនួន ១២០ដើម ហើយធានាបានថា កូនឈើទាំងនេះលូតលាស់បានយ៉ាងល្អ និងផ្ដល់ផលប្រយោជន៍យ៉ាងសម្បូរបែបដល់បរិស្ថាន។
គម្រោង Eco Relay នេះបានបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន Panasonic ចំពោះការអភិវឌ្ឍ និងលើកស្ទួយសហគមន៍ប្រកបដោយចីរភាព។ តាមរយៈគម្រោងនេះផងដែរ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់បុគ្គលិក Panasonic និងប្រជាជនក្នុងតំបន់ទាំងអស់គ្នា ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវចម្រុះ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីប្រកបដោយតុល្យភាព។ ដោយការដាំដើមឈើនេះ ពួកយើងសង្ឃឹមថា យើងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានធម្មជាតិនៅក្នុងតំបន់នេះ និងលើកកម្ពស់អត្ថប្រយោជន៍នៃបរិស្ថានក្នុងរយៈពេលយូរអង្វែង។
លោក Hisakazu Maeda អគ្គនាយកក្រុមហ៊ុន Panasonic Cambodia មានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញពីការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ក្រុមហ៊ុនយើង ចំពោះនិរន្តរភាពនៃបរិស្ថាន។ ពួកយើងមានមោទនភាពណាស់ ដែលបានឃើញអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងក្នុងការសហការគ្នា ដើម្បីលើកកម្ពស់ដល់គម្រោងនេះ។ សកម្មភាពទាំងអស់នេះ គឺជាការជំរុញស្មារតីអ្នកផ្សេងទៀតឱ្យចូលរួមជាមួយគ្នា ក្នុងការធ្វើឱ្យប្រសើរឡើងនៃបរិស្ថានរបស់យើង។
គម្រោង Eco Relay គ្រាន់តែជាចំណែកមួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលពួកយើងកំពុងខិតខំធ្វើ ដើម្បីបង្កើតអនាគតដ៏ប្រសើរប្រកបដោយចីរភាព។ តាមរយៈសកម្មភាពទាំងអស់នេះ ពួកយើងក៏មានគោលបំណងក្នុងការផ្សព្វផ្សាយ ការយល់ដឹងអំពីសារៈសំខាន់ នៃការការពារបរិស្ថានទៅដល់ប្រជាជន ក្នុងតំបន់ផងដែរ។
ក្រុមហ៊ុន Panasonic Cambodia មានការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើង នៃការរស់នៅដោយអភិវឌ្ឍផលិតផល ឱ្យស្របទៅតាមគោលការណ៍នៃការការពារបរិស្ថាន។ ការផ្ដើមគំនិតនេះ ត្រូវបានជំរុញដោយឆន្ទៈប្រកបដោយនិរន្តរភាព និងការប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ផលជាវិជ្ជមាន។ ទន្ទឹមនឹងនេះផងដែរយើងសូមចូលរួមគាំទ្រគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDGs ដោយបន្តខិតខំអនុវត្តសកម្មភាពឱ្យបានខ្លាំងក្លា ដើម្បីសម្រេចគោលដៅទាំងនេះ នៅពេលអនាគតខាងមុខ៕