(ភ្នំពេញ)៖ ក្រុមអត្តពលិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ Paris Summer Olympics Games លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការទទួលស្វាគមន៍ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។
ដំណើរមាតុភូមិនិវត្តន៍របស់ក្រុមអត្តពលិកកម្ពុជានេះដែរ ដឹកនាំដោយលោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ព្រមទាំងមន្ដ្រីរដ្ឋបាល ក្រុមគ្រូពេទ្យ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៣រូប ដែលទទួលបានសិទ្ធអនុគ្រោះពិសេស ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកប្រចាំរដូវកាល ៤ឆ្នាំម្ដងខាងលើ គឺមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ព្រមទាំងកីឡាករហែលទឹកខ្មែរ-បារាំង កូសុង ដឺ ឡាប៉ារ៉ង ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន ឣប្សរា កាតារីណា ។
គួរដឹងថា កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះ បានប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។ សម្រាប់កម្ពុជា ដោយសារពុំមានអត្តពលិកជាប់ក្នុងការប្រកួតជម្រុះ គឺមានតែកីឡាករ-កីឡាការិនី ៣រូបខាងប៉ុណ្ណោះ ដែលទទួលបានសិទ្ធពិសេស ក្រោយឆ្លងកាត់ការជ្រើសរើសយ៉ាងល្អិតល្អន់ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងសហព័ន្ធអន្ដរជាតិ ដើម្បីចូលរួមប្រកួត ។ ជាលទ្ធផលពួកគេធ្វើពុំបានល្អប្រសើរនោះទេ ។ តែយ៉ាងណាមិញ ការចូលរួមនេះ បានបង្ហាញនូវស្មារតីអូឡាំពិក ក្នុងនាមប្រទេសសមាជិក IOC ដើម្បីគាំទ្រព្រឹត្តិការណ៍អូឡាំពិក ហើយក៏ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីម្ចាស់ផ្ទះ និងបណ្ដាប្រទេសចូលរួមផងដែរ ៕