(ឡុងដ៍)៖ កីឡាករ Cole Palmer បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយជាមួយក្លិប Chelsea ដើម្បីបន្តការលេងរបស់លោកនៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០៣៣។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ បច្ចុប្បន្ន មានកិច្ចសន្យារយៈពេល ៩ឆ្នាំ បូកជាមួយនឹងការបន្តកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំ ជាមួយនឹងក្លិបដែលមានមូលដ្ឋាន នៅភាគខាងលិចទីក្រុង London។

Palmer រកបាន ២៥គ្រាប់ និងបញ្ជូនបាល់បាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៥លើក អំឡុងពេលរដូវកាលដំបូងរបស់លោកនៅក្លិប Chelsea បន្ទាប់ពីផ្ទេរតម្លៃក្នុង ៤២.៥លានផោនពីក្លិប Manchester City កាលពីរដូវក្តៅមុន។

Palmer ស្ថិតក្នុងបញ្ជីចុងក្រោយ សម្រាប់ការទទួលបានពានរង្វាន់ PFA Player និង Young Player of the Year ដែលនឹងត្រូវប្រកាសនៅទីក្រុង Salford សប្តាហ៍ក្រោយ ខណៈលោកទទួលបានពានរង្វាន់ Premier League Young Player of the Season សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ រួចទៅហើយនោះ។

គួរជម្រាបថា Chelsea នឹងត្រូវជួប Manchester City នៅថ្ងៃបើកឆាករដូវកាលថ្មី Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ ជាមួយនឹងអ្នកចាត់ការ Enzo Maresca នឹងបើកយុទ្ធនាការរបស់លោក តទល់នឹងអតីតអ្នកចាត់ការរបស់លោក ខណៈលោកបានឈ្នះពានរង្វាន់ចំនួន៣ នារដូវកាល២០២២-២០២៣ ក្នុងនាមលោកជាជំនួយការលោក Pep Guardiola៕