(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទោះមិនបានមេដាយ តែអត្តពលិកកម្ពុជា បានរក្សា និងលើកកម្ពស់នូវកិត្តិយសជូនជាតិយ៉ាងល្អ តាមរយៈការចូលរួម និងរឹតចំណងសាមគ្គីភាព មិត្តភាព ជាមួយអត្តពលិកបណ្ដាប្រទេសចូលរួម ពិសេសគឺការគោរពបាននូវវិន័យ និងបទបញ្ជាការប្រកួត ដែលជាស្មារតីរួមរបស់ចលនាអូឡាំពិកអន្ដរជាតិ ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានអញ្ជើញដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មនៃការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាកន្លងទៅ ។
ក្រោយបញ្ចប់បេសកកម្មខាងលើ លោកបណ្ឌិត ថោង ខុន បានកោតសរសើរម្ចាស់ផ្ទះបារាំង ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍កីឡាកំពូលបានយ៉ាងល្អ ។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែសម្រាប់អត្តពលិកប្រកួតប៉ុណ្ណោះទេ អ្វីដែលសំខាន់មួយទៀត គឺការជួបជុំគ្រួសារចលនាអូឡាំពិកគ្រប់ប្រទេស គ្រប់តំបន់ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំក្នុងចលនាអូឡាំពិក ។
ជាក់ស្ដែងរយៈពេលជាង ១សប្ដាហ៍ ក្រោយពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដងខាងលើ លោកទេសរដ្ឋមន្ដ្រី រួមជាមួយលោក វ៉ាត់ ចំរើន បានជួបជាមួយជាមួយថ្នាក់ដឹកនាំអូឡាំពិក និងសហព័ន្ធកីឡាអន្ដរជាតិជាច្រើន ដើម្បីពង្រឹងកិច្ចសហការឆ្ពោះទៅរកការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅកម្ពុជា ដូចជាជំនួបជាមួយប្រធានសហព័ន្ធកីឡាបាល់គប់អ៊ីតាលី និងសហព័ន្ធបាល់គប់អន្ដរជាតិ ដែលមានបំណងជួយកម្ពុជាបង្កើតសហព័ន្ធជាតិ និងគាំទ្រអភិវឌ្ឍវិស័យកីឡាបាល់គប់ ក៏ដូចជាជំនួបជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ ដែលជាប្រទេសមានចលនាអូឡាំពិកខ្លាំង ហើយប៉ូឡូញក៏បានសន្យាខិតខំសហការជួយដល់វិស័យកីឡាកម្ពុជាផងដែរ ។
សម្រាប់អត្តពលិកវិញ មានកីឡាករ-កីឡាការិនីរាប់ម៉ឺននាក់ បានជួបគ្នា ផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងសាមគ្គីភាព មិត្តភាព ស្របតាមបាវចនាអូឡាំពិក មិនថាអូឡាំពិកអន្ដរជាតិ ឬអូឡាំពិកតំបន់ ធ្វើយ៉ាងម៉េចជំរុញឲ្យពីអូឡាំពិកមួយទៅអូឡាំពិមួយត្រូវ “ខ្ពស់ជាង លឿនជាង និងខ្លាំងជាង ជាមួយគ្នា ឬ Faster Higher Stronger - Together” មិនមែន លឿនជាង ខ្ពស់ជាង ឬខ្លាំងជាង តែម្នាក់ឯងទេ ។ ក្នុងនោះដែរ អត្តពលិកកម្ពុជា ថ្វីដ្បិតតែពុំទទួលបានមេដាយ តែក៏បានគោរពនូវស្មារតីកីឡានេះគឺ “ឈ្នះដោយយុត្តិធម៌ និងចាញ់ដោយកិត្តិយស” ផងដែរ ។
លោកបណ្ឌិត ថោង ខុន បន្ដថា «គិតត្រឹមថ្ងៃបញ្ចប់ ក្នុងចំណោមអត្តពលិក ២០៦អូឡាំពិក និងប្រទេស មានតែជាង ៦០ប្រទេស ដែលដណ្ដើមបានមេដាយមាសចាប់ពី ១គ្រឿងឡើងទៅ ហើយជិត ២០ប្រទេសទៀត ដែលមិនទទួលបានទទួលមេដាយមាស តែ ទទួល បានត្រឹម មេដាយ ប្រាក់សំរិទ្ធ ។នៅសល់ជាង ១០០ប្រទេស មិនបានមេដាយអ្វីទាំងអស់ ។ ប៉ុន្ដែសំខាន់ គឺការចូលរួម មានន័យថា ការចូលរួមរបស់អត្តពលិកគ្រប់បណ្ដាប្រទេសទាំងអស់ ដែលជាសមាជិកអូឡាំពិក» ។
«ការចូលរួមនេះ សំខាន់ណាស់ សម្រាប់កម្ពុជាយើង គឺជាមោទនភាព ដែលអត្តពលិកកម្ពុជាយើង បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្ដរជាតិកំពូលនេះ ដោយរក្សាបាននូវកិត្តិយស តាមរយៈការគោរពវិន័យ និងបទបញ្ជាការប្រកួតបានយ៉ាងត្រឹមត្រូវ ។ នេះជាកិត្តិយសដ៏សំខាន់ សម្រាប់ប្រទេសជាតិយើង និងកីឡាករ-កីឡាការិនីរបស់យើង ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ដ្រសម្រាប់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលបានចូលរួមប្រកួត ដោយគ្មានការបង្កកំហុស ហើយអាចរៀនសូត្រពីបច្ចេកទេស ក៏ដូចជាបញ្ជានានាពីព្រឹត្តិការណ៍នេះ» ។
ជារួមឆ្លងកាត់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស ឆ្នាំ២០២៤ ជាងកន្លះខែ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជា គឺរក្សាបាន និងលើកកម្ពស់បាននូវកិត្ដិយសជូនជាតិយ៉ាងល្អ ស្របពេលម្ចាស់ផ្ទះបារាំង បានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់កិត្តិយសដល់កម្ពុជា ទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដ៏ល្អស្អាត ដាច់ដោយឡែកពីគេ ក្នុងពិធីដង្ហែរពិធីបើកព្រឹត្តិការណ៍ និងទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនេះ ក៏ជាមហាកិត្តិយស ដែលបារាំង ផ្តល់ជូនកម្ពុជាផងដែរ ។ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ថែម ៕