(ប៉ារីស)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិកជនមានពិការភាពរដូវក្តៅ លើកទី១៧ Summer Paris Paralympics 2024 បានចាប់ផ្តើមបើកសម្ពោធដំណើរការប្រកួតជាផ្លូវការហើយ កាលពីថ្ងៃទី២៨ ខែសីហានេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយការចូលរួមពីអត្តពលិកប្រមាណ ៤៤០០នាក់ ដែលមកពី ១៦៩ប្រជាជាតិ ក្នុងនោះក៏មានអត្តពលិកកម្ពុជាចូលរួមមួយរូប គឺអត្តពលិក វ៉ាន់ វ៉ុន ដែលចូលរួមប្រកួតលើវិញ្ញាសាប្រណាំងរទេះ ។

ការចូលរួមរបស់អត្តពលិកកម្ពុជា កីឡាករ វ៉ាន់ វ៉ុន គឺទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតលើវិញ្ញាសាជិះរទេះចម្ងាយ ១០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ នឹងជាកិត្តិយសមួយ ក្នុងនាមអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលនឹងត្រូវលើកទង់ជាតិកម្ពុជា ដើម្បីបង្ហាញនូវភាពស្នើមុខស្មើមាត់លើឆាកអន្ដរជាតិ ក្នុងព្រឹត្តិការណ៍ Paralympic Games 2024 ក៏ដូចជាបង្ហាញនូវកិត្យានុភាពជាតិ និងភាពជាគំរូ តំណាងឲ្យបងប្អូនជនមានពិការភាពទូទាំងប្រទេសផងដែរ ។

គួរដឹងថា វ៉ាន វ៉ុន បានចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនេះចំនួន ៣លើកមកហើយ ខណៈការចូលរួមលើកចុងក្រោយ ក្នុងការប្រកួតប៉ារ៉ាឡាំពិកឆ្នាំ២០២០ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លោកទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិកជាច្រើន ។

តាមរយៈការខិតខំប្រឹងប្រែងកន្លងមក លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានក្តីសង្ឃឹមថា ការចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកឆ្នាំនេះ វ៉ាន វ៉ុន នឹងទទួលបានកាន់តែល្អប្រសើរថែមទៀត ។

សូមជម្រាបផងថា នេះជាការប្រកួតកីឡាប៉ារ៉ាឡាំពិកជនមានពិការភាពកម្រិតពិភពលោក ក្នុងរដូវក្តៅ ដែលរៀបចំឡើងនៅប្រទេសបារាំង Summer Paris Paralympics 2024 ដែលបញ្ចប់ការប្រកួតនៅថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកបានបញ្ចប់រួមមក ៕