(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា កុំព្យូរទ័រលើតុខ្នាតតូចរបស់ Apple គឺ Mac Mini ត្រូវបានគេរំពឹងថា នឹងបំពាក់ដោយបន្ទះឈីបស៊េរីខ្ពស់ M4 និង M4 Pro ហើយត្រៀមប្រកាសចេញនៅចុងឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះម៉ូដែលចុងក្រោយនេះអាចនឹងដកចេញរន្ធសាក USB-A ទាំងអស់ ហើយប្តូរទៅប្រើរន្ធសាក USB-C ដូចទៅនឹងទូរស័ព្ទ iPhone 15 អ៊ីចឹង។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។
ដំណឹងនេះ ត្រូវបានរាយការណ៍ដោយ Bloomberg បានឱ្យដឹងថា Mac Mini បំពាក់ដោយបន្ទះឈីប M4 Pro និងប្តូរទៅប្រើរន្ធសាក USB-C ទាំងអស់សរុបចំនួន ៥ ដូច្នេះចាប់ពីម៉ូដែលនេះតទៅនឹងលែងឃើញមានវត្តមានរបស់ USB-A តទៅទៀតហើយ។ ក្នុងនោះ រន្ធសាក USB-C ចំនួន ៣នឹងមាននៅផ្នែកខាងក្រោយម៉ាស៊ីន ហើយ ២ទៀតនៅផ្នែកខាងមុខម៉ាស៊ីន ដោយឡែកចំពោះរន្ធ HDMI, រន្ធ Ethernet និងរន្ធដោតកាសនឹងរក្សានៅកន្លែងដើម។
ប្រភពបានឱ្យដឹងថា Mac mini បំពាក់ដោយបន្ទះឈីប M4 នឹងធ្វើតាមនិន្នាករនេះផងដែរ ប៉ុន្តែវាអាចនឹងមានរន្ធសាកតិចជាងកំណែ Pro។
គួរជម្រាបដែរថា ការផ្លាស់ប្តូរនេះស្របទៅនឹងនិន្នាការថ្មីរបស់ Apple ក្នុងការបញ្ឈប់រន្ធសាក USB-A នៅទូទាំងផលិតផលរបស់ខ្លួន ដូចដែលបានឃើញនៅក្នុងឧបករណ៍ផ្សេងទៀតដូចជា MacBook និង iMac ជាដើម។ ការផ្លាស់ប្តូររូបរាងឌីហ្សាញនេះ គឺជាលើកដំបូងបង្អស់សម្រាប់ត្រកូល Mac mini ចាប់តាំងពីឆ្នាំ២០១០ កន្លងមក ហើយម៉ូដែលថ្មីនេះត្រូវបានគេរំពឹងថា នឹងមានទំហំតូចប្រហាក់ប្រហែលដុំ Apple TV ប៉ុន្តែមានកម្ពស់ខ្ពស់ជាងជំនាន់មុនបន្តិច៕