ខ្សែការពារ Van de Hecke របស់ Brighton ទទួលបានការកោះហៅចូលជម្រើសជាតិហូឡង់លើកដំបូង
03-09-2024 08:12
(អាមស្ទឺដាម)៖ ខ្សែការពារក្លិប Brighton & Hove Albion កីឡាករ Jan Paul van Hecke បានទទួលការកោះហៅជាលើកដំបូង ចូលក្នុងក្រុមជម្រើសជាតិហូឡង់ បន្ទាប់ពី Micky van de Ven របស់ក្លិប Tottenham Hotspur ត្រូវបានកាត់ចេញ សម្រាប់ការប្រកួត Nations League ទល់នឹងក្រុមបូស្នៀ និងហឺហ្សេហ្គោវីណា និងអាល្លឺម៉ង់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
Van de Ven បានហ្វឹកហាត់ជាមួយក្លិប Tottenham កាលពីសប្តាហ៍មុន ប៉ុន្តែមិនត្រូវបានដាក់បញ្ចូលក្នុងក្រុម សម្រាប់ការប្រកួតរបស់ពួកគេ ក្នុងលទ្ធផលចាញ់នៅលីគ Premier League កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើង Newcastle United នោះទេ។
សមាគមបាល់ទាត់ហូឡង់បានឱ្យដឹងថា កីឡាករ Van de Ven មិនអាចប្រកួតបាននោះទេ ហើយត្រូវបានជំនួសដោយកីឡាករវ័យ ២៤ឆ្នាំ Van Hecke។
សូមជម្រាបថា ហូឡង់នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវបូស្នៀ និងហឺហ្សេហ្គោវីណា នៅទីក្រុង Eindhoven នាថ្ងៃសៅរ៍សប្តាហ៍នេះ និងក្រោយមកទទួលក្រុមអាល្លឺម៉ង់ នៅទីលាន Johan Cruyff Arena នៅទីក្រុង Amsterdam ៣ថ្ងៃបន្ទាប់ ជាការចាប់ផ្តើមយុទ្ធនាការថ្មី Nations League របស់ពួកគេ៕