(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។ កម្មវិធីបង្រៀនថ្ងៃនេះ មានលក្ខណៈពិសេសបន្តិច គឺក្រុមគ្រូបង្គោលបានរៀបចំពិធីធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌហត្ថកម្មប្រពៃណីរបស់សហគមន៍ក្របីរៀល ដែលជាការផលិតរបស់របរប្រើប្រាស់ពីធម្មជាតិ មានផ្តៅ និងរពាក់ រំចេក និងវត្ថុធាតុដើមធម្មជាតិមួយចំនួនទៀត ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន២០០នាក់បានស្វែងយល់អំពីមរតកដូនតារបស់ខ្លួន។
លោក អ៊ឹម សុខរិទ្ធី គ្រូបង្គោល និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូ អនុវត្តគម្រោងមួយឈ្មោះថា កម្មវិធីអប់រំបេតិកភណ្ឌ ដោយមានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនិងវប្បធម៌ សាសនា បេតិកភណ្ឌរូបិយ និងអរូបិយ និងការចុះទស្សនកិច្ចសិក្សានៅតាមប្រាសាទឬសារមន្ទីរជាដើម។ លោកថា ជាផ្នែកមួយនៃបេតិកភណ្ឌអរូបិយ ពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ក្របីរៀល កំពុងនៅបន្តកេរដំណែល ចំណេះជំនាញ គឺការផលិតរបស់របរប្រើប្រាស់ដោយដៃ ចេញពីធម្មជាតិមានផ្តៅ រពាក់ និងស្លឹករំចេកជាដើម សម្រាប់ប្រើប្រាស់ រហូតមានកេរ្តី៍ឈ្មោះល្បាញ។ ការចែករំលែកបទពិសោធន៍អំពីដំណើរការផលិតរបស់ប្រើប្រាស់ពីផ្តៅ និងរពាក់នេះ និងផ្សារភ្ជាប់គ្នារវាងមេរៀននៅក្នុងថ្នាក់ និងអ្វីដែលបានឃើញជាក់ស្តែង ដើម្បីឱ្យក្មេងៗដែលជាសមាជិកក្នុងសហគមន៍បានឃើញនិងត្រូវបន្តវេនមរតកទាំងនោះទៅថ្ងៃខាងមុខ។
សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ចនៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕