(បរទេស)៖ សល់រយៈពេលមិនដល់មួយសប្តាហ៍ទៀតទេ ត្រកូល iPhone 16 របស់ក្រុមហ៊ុនយក្ស Apple នឹងលេចវត្តមានមកហើយ។ ស្របពេលជាមួយគ្នានេះ ទទួលដំណឹងមកថា iPhone ថ្មីនេះ នឹងប្រើប្រាស់នូវ Memory ប្រភេទ Quad-Level Cell (QLC) NAND flash memory ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុន Apple ប្រើប្រាស់នូវទំហំ Storage ធំជាងមុន ដែលត្រូវបានគេសន្និដ្ឋានថា អាចមានទំហំរហូតដល់ 2TB។
បើតាមការចេញផ្សាយដោយគេហទំព័រ WCCF Tech បានឲ្យដឹងថា នៅឆ្នាំនេះ Apple នឹងឈានដល់ការប្រើទំហំ Sotrage 2TB ទៅលើម៉ូដែល iPhone 16 របស់ខ្លួនយ៉ាងហោចក៏ដល់ម៉ូដែល Pro ដែរ។ កន្លងទៅគេបានដឹងថា Apple បានបង្កើនទំហំផ្ទុកទិន្នន័យពី 128GB ដល់ 256GB នៅលើម៉ូដែល iPhone 15 Pro ប៉ុន្តែក៏បានមកជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ។ ដើម្បីឱ្យទំហំផ្ទុកឡើងដល់ 2TB នៅលើ iPhone មានពាក្យចចាមអារ៉ាមបានលើកឡើងកាលពីខែមករាថា Apple មានបំណងប្រើប្រាស់ Memorey ប្រភេទ Quad-Level Cell ឬ QLC NAND flash memory ។ បច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Apple ប្រើប្រាស់ Storage ធំជាងមុន បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យា Triple-Level Cell ឬ TLC NAND ។
ប្រភពបានបន្ថែមថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានកាមេរ៉ា Ultra-Wide ទំហំ 48-Megapixel ទ្រទ្រង់នូវបច្ចេកវិទ្យា Pixel-Binning Technology ដូចទៅនឹងកាមេរ៉ាគោលអញ្ចឹងដែរ។ ការអាប់ដែតកាមេរ៉ាថ្មីនៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវសិនស័រ f/2.2 Aperture ដែលមានសមត្ថភាពអាចថតរូបភាព ដែលមានពន្លឺទាប ហើយនិងមានទ្រទ្រង់ទៅលើ 48-megapixel ProRaw ថែមទៀតផង។ ក្រុមហ៊ុនយក្សនេះ ក៏មានគម្រោងក្នុងការបង្ហាញនូវ «Capture Button» នៅលើស្មាតហ្វូន iPhone 16 Pro ជាតួនាទីសំខាន់មួយក្នុងការថតរូបភាព និងវីដេអូ។
យ៉ាងណាមិញ ទាំងនេះគ្រាន់តែជាដំណឹងពីអ្នកវិភាគស្មាតហ្វូនប៉ុណ្ណោះ ដើម្បីឲ្យច្បាស់ថាយ៉ាងណានោះ មានតែរង់ចាំនូវការប្រកាសជាផ្លូវការពីក្រុមហ៊ុន Apple នៅក្នុងព្រឹត្តិការណ៍ «It's Glowtime» នៅថ្ងៃទី០៩ ខែកញ្ញានេះ៕