(បរទេស)៖ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសក្នុងបណ្តាញសង្គម X នាពេលថ្មីៗនេះថា ក្រុមហ៊ុន Tower Semiconductor របស់អ៉ីស្រាអែល និងក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា នឹងចាប់ដៃគ្នាវិនិយោគជាទឹកប្រាក់ ៨៣៩.៤៧ពាន់លានរូពី ឬ ខ្ទង់១០ពាន់លានដុល្លារអាមេរិក ក្នុងគម្រោងផលិតផលពាក់កណ្តាលសម្រេច (Semiconductor) នៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។
សារព័ត៌មាន Reuters រាយការណ៍មកថា ក្រៅពីគម្រោងវិនិយោគខាងលើ ក៏មានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីចំនួនពីរ គ្រោងនឹងបើកដំណើរការនៅក្នុងរដ្ឋនេះផងដែរ។ ក្នុងនោះរួមមានក្រុមហ៊ុន Skoda-Volkswagen វិនិយោគ ១៥០ពាន់លានរូពី ខណៈដែល ក្រុមហ៊ុន Toyota-Kirloskar នឹងចំណាយ ២១២.៧៣ពាន់លានរូពី សម្រាប់រោងចក្រនៅទីនោះ។
សម្រាប់ព័ត៌មានលំអិតនៃការវិនិយោគនេះមិនត្រូវបានបញ្ជាក់ឡើយ។ តែយ៉ាងណា តាមរយៈការវិនិយោគនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាទីតាំងប្រមូលផ្តុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មិនថាក្រុមហ៊ុនក្នុងស្រុក និងបរទេសឡើយ។ ត្បិតបច្ចុប្បន្ននេះ ប្រទេសមហាអំណាចកំពុងសម្រុកវិនិយោគរាប់ពាន់លានដុល្លារលើគម្រោងបន្ទះឈីបកម្រិតខ្ពស់៕