(ភ្នំពេញ)៖ ស្ថាប័នអប់រំអេជី ដែលមានសាលារៀនអារីហ្សូន និងសាលាអន្តរជាតិ ហ្គ្រេនម៉ោន បានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៤-២០២៥ និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា, ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមវត្តមានគណៈគ្រប់គ្រងគ្រប់កម្រិត, លោកនាយក, នាយិកាសាខា, បុគ្គលិក, លោកគ្រូអ្នកគ្រូនៃស្ថាប័នអប់រំ, មាតាបិតាអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។
ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃសា្ថប័នអប់រំ អេជី បានថ្លែងឲ្យថា កម្មវិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា, ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ គឺត្រូវបានប្រព្រឹត្តិឡើងស្របតាម គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ពោលគឺពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដោយអនុលោមតាមគោលការណ៍ដឹកនាំតាមបែបយុទ្ធសាស្រ្ត នាសម័យទំនើបពោលគឺ (យុវជន Digital) របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា។
ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិរូបនេះ បានរំឭកពីប្រវត្តិនៃសាលារៀនអារីហ្សូន ឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ មានឈ្មោះដើមជាមជ្ឈមណ្ឌលក្រុងញូវយ៉ក (NYCC) បានចាប់កំណើតឡើងនៅទីតាំងខាងត្បូងវិទ្យាល័យបាក់ទូករាជធានីភ្នំពេញ ដែលនៅពេលនោះរូបលោកកំពុងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រផង បង្រៀនផង និងបើកដំណើរការសាលាបង្រៀននេះផង។ បន្ទាប់មកនាឆ្នាំ២០០០ បានប្តូរមកជាវិទ្យាស្ថានក្រុងញូវយ៉ក (NCI) ប៉ុន្តែដោយអនុលោមតាមសេចក្ដីណែនាំរបស់ក្រសួង អប់រំយុវជន និងកីឡា នាពេលនោះក៏បានផ្លាស់ប្ដូរឈ្មោះ មកជាសាលាអន្តរជាតិញូវយ៉កនៅឆ្នាំ២០០៤ ។ ដោយសារតែបរិបទជាតិ តំបន់ និងសកលលោក បន្តការវិវឌ្ឍឥតឈប់ឈរ ពោលគឺប្រទេសកម្ពុជារបស់យើងបានចូលជា សមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក World Trade Organization (WTO) ដែលតម្រូវឱ្យមានការផ្លាស់ប្តូរ ពាណិជ្ជនាម និងពាណិជ្ជសញ្ញា របស់សាលាអន្តរជាតិញូវយ៉ក មកជាសាលារៀនអារីហ្សូនជាផ្លូវការ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡាលេខ១៩៨៦ អយក.ប្រក វិញ។
ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានគូសរំលេចទៀតថា បន្ទាប់ពីបានឆ្លងកាត់បទពិសោធជិតសាមសិបឆ្នាំលើវិស័យអប់រំឯកជន សា្ថប័នអប់រំអេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិ ហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យតំណាង Global Student Cambodia ជាបុត្រសម្ព័ន្ធ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្សស្របតាមគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដោយឈរលើគោលការណ៍ល្អបីយ៉ាងពោល គឺគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ។ ក្រៅពីកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំយុវជន និងកីឡា យើងបានដាក់បញ្ជូលនូវកម្មវិធីសិក្សាបន្ថែមដូចជា កម្មវិសិក្សាសិង្ហបុរី និងភាសាចិននៅសាលារៀនអារីហ្សូន និងកម្មវិធីសិក្សារបស់ចក្រភព អង់គ្លេស (UK Cambridge GCSE & IGCSE) នៅសាលាអន្តរជាតិ ហ្គេនម៉ោន ប្រកបដោយជោគជ័យជាផ្លែផ្កាចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។
ឧកញ៉ាវេជ្ជបណ្ឌិត បានថ្លែងបន្ថែមថា សាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យ តំណាង Global Student Cambodia ជាបុត្រសម្ព័ន្ធមានចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃស្នូលរួមមាន៖ សាលារៀនអារីហ្សូន គឺជាសាលាជម្រើសទី១ ដែលផ្តល់កម្មវិធីសិក្សាបីភាសា (កម្មវិធីជាតិ សឹង្ហបុរី និងចិន) ពីកម្រិត មត្តេយ្យ ដល់ទី១២ ដោយពង្រឹង និងពង្រីកកម្មវិធី STEM(Science,Technology, Engineering & Mathematics) ជាអាទិភាព។ បន្ថែមពីលើនេះ សាលាក៏មានបណ្ដុះបណ្ដាលភាសាអង់គ្លេស និងចិនទូទៅពេញម៉ោង និងក្រៅម៉ោងពីកម្រិតមត្តេយ្យ ដល់កម្រិត
ទី១២ ផងដែរ។ ចំពោះបេសកកម្មរបស់សាលាវិញ គឺសាលារៀនធានាឱ្យបានការនូវផ្តល់នូវសេវាអប់រំ ប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ។ សាលាមានឆន្ទៈខ្ពស់ក្នុងការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងរៀននាសតវត្សទី២១។ សិស្សានុសិស្សនៃសាលារៀនអារីហ្សូន ត្រូវបានបណ្ដុះនូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាជាចម្បង។ សាលារៀនអារីហ្សូន ធានាឱ្យមានវឌ្ឍនភាពទាំងសេវាអប់រំ និងធនធានហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា សាលារៀនអារីហ្សូន និងសាលាអន្តរជាតិហ្គ្រេនម៉ោន គឺជាសាលាចំណេះទូទៅ ត្រីភាសា(Trilingual Education ) ដែលមានកម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាអន្តរជាតិពីចក្រភពអង់គ្លេស ពោលគឺ (UK-Based Curriculum, Cambridge IGCSE) និងភាសាចិន រួមជាមួយកម្មវិធីសិក្សាបន្ថែមដូចជា ព័ត៌មានវិទ្យា សិល្បៈ កីឡា របកគំហើញថ្មី ពោលគឺ STEM (Science,Technology, Engineering, and Mathematics) ជាអាទិភាព និងកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ (English for Specific Purposes)ផងដែរ។ សាលាផ្តោតទៅលើការបណ្តុះបណ្តាល សិស្សានុសិស្សឱ្យមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្ត នៅថ្នាក់ឧត្តមសិក្សា និងក្លាយជាអ្នកដឹកនាំឆ្នើម ប្រកបដោយស្មារតីសហគ្រិនភាព នាពេលអនាគតដ៏ខ្លី។
ជាមួយនឹងការប្តេជ្ញាចិត្តពង្រឹងអភិបាលកិច្ច ពោលគឺគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ សំដៅសម្រេចឱ្យខាងតែបាន នូវគោលដៅធំៗទាំងបីពោលគឺ វិជ្ជាសម្បទា (Knowledge) បំណិនសម្បទា (Skills) និងចរិយាសម្បទា (Attitude)។ សាលាក៏កំពុងកសាងធនធានមនុស្សពីកម្រិតអប់រំកុមារតូច រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ដោយយកចិត្តទុកដាក់បន្ថែមដើម្បីពង្រឹង លើគុណភាពបង្រៀន និងរៀនឱ្យស្របតាមយុគ្គសម័យសកលភាវូនីយកម្ម (Globalization) ជាពិសេសយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០ (4.0 Industry Revolution) ដើម្បីកំណត់ឱ្យបាននូវគោលដៅឈានឆ្ពោះទៅ ការបង្កើតគ្រឹះស្ថានឧត្តមសិក្សាតាមការរំពឹងទុក នាចុងទសវត្សទី៣ នៃសតវត្សទី២១នេះ។
សូមជម្រាបថា មកដល់បច្ចុប្បនេះសាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យតំណាង Global Student Cambodia មានទីតាំងចំនួន៩ រួមមានទី១.សាខាអូឬស្សី, ទី២.សាខាទួលគោក, ទី៣ .សាខាច្បារអំពៅ១, ទី៤.សាខាច្បារអំពៅ២, ទី៥.សាខាខេត្តសៀមរាប, ទី៦.សាខាអូឫស្សីកែវ, ទី៧.សាខាផ្សាដើមថ្កូវ, ទី៨.សាខាខេត្តកំពង់ធំ និងទី៩.សាលាអន្តរជាតិហ្គ្រេនម៉ោន (GMIS) មជ្ឈមណ្ឌលបណ្ដុះបណ្តាលអេជី និងការិយាល័យតំណាង Global Student Cambodia ប្រចាំនៅប្រទេសកម្ពុជា៕