(បរទេស)៖ ទីបំផុតក្រុមហ៊ុន Meta ត្រៀមបញ្ចេញមុខងារពិសេសនៅលើកម្មវិធីផ្ញើសារដ៏ល្បីរបស់ខ្លួន WhatsApp ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ញើសារពី WhatsApp ទៅកាន់កម្មវិធីផ្ញើសារផ្សេងទៀតបាន ដូចជាកម្មវិធី Massenger ជាដើម។ យ៉ាងណាមិញ សម្រាប់ការផ្លាស់ប្តូរនេះ គឺនឹងមានសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះជាជំហានដំបូង។
បើតាមការចេញផ្សាយដោយសារព័ត៌មាន The Verge បានឲ្យដឹងថា មុខងារថ្មីនេះនឹងលោតការជូនដំណឹងទៅក្នុងកម្មវិធី Messenger និង WhatsApp ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងថា នៅពេលណាពួកគេអាចភ្ជាប់ការជជែកឆ្លងកម្មវិធីបាន។ Meta បានប្រកាសថា «លើសពីលក្ខណៈមូលដ្ឋានពិសេសបច្ចុប្បន្ន ពោលគឺក្រៅពីផ្ញេីសារ គឺអាចធ្វើអន្តរកម្មបានថែមទៀតផង»។ មុខងារថ្មីនេះ ក៏នឹងអនុញ្ញាតិឲ្យមានការបង្កើតជាក្រុមជជែកកម្សាន្តផងដែរ ប៉ុន្តែ Meta បានបញ្ជាក់ថា សម្រាប់មុខងារនេះនឹងមានសម្រាប់ការទូរស័ព្ទជាវីដេអូ និងការទូរស័ព្ទជាសំឡេង នៅឆ្នាំ២០២៧ខាងមុខ ព្រោះបច្ចុប្បន្នមានត្រឹមផ្ញើសារសិនប៉ុណ្ណោះ។
គួរជម្រាបថា មុខងារពិសេសនេះ គឺសំដៅទៅលើការបើកឱ្យកម្មវិធី WhatsApp និង Messenger អាចធ្វើអន្តរកម្ម (ផ្ញើសារ) ជាមួយកម្មវិធីផ្សេងទៀតបានដូចជា iMessage, Telegram, Google Messages, Signal និងកម្មវិធីផ្សេងទៀត៕