(ភ្នំពេញ)៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរខួបលើក១៥ឆ្នាំនៃការបង្កើតធនាគារ (២០០៩-២០២៤) ជាមួយវត្តមានតំណាងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយអតិថិជន និងដៃគូជាច្រើន។
នៅឆ្នាំ២០០៩ អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងកម្ពុជា ស្តីពីការបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានភារកិច្ចតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ដើម្បីជំរុញសកម្មភាពវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទ្វេភាគីឈានដល់កម្រិតថ្មីមួយ។ ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានជំរុញនិងបង្កើតធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ដោយឈរលើមូលដ្ឋានទិញនិងរៀបចំរចនាសម្ព័ន្ធឡើងវិញនៃធនាគារវិនិយោគរុងរឿងកម្ពុជា។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ធនាគារ BIDC បានធ្វើប្រតិបត្តិការជាផ្លូវការ ហើយបានបញ្ជាក់កាន់តែខ្លាំងអំពីតួនាទីសំខាន់របស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។
ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ធនាគារ BIDC តែងតែជាគំរូ និងអនុវត្តយ៉ាងសកម្មគោលនយោបាយ ទិសដៅ និងការណែនាំរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងបណ្តាស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជននៅកម្ពុជាលើវិស័យជាច្រើន ដូចជា៖ កសិកម្ម សំណង់ អចលនទ្រព្យ ប្រេងឥន្ធនៈ សម្ភារៈប្រើប្រាស់ សុខាភិបាល អាកាសចរណ៍។ល។ ដោយហេតុនេះ រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-វៀតណាម «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។
ប្រតិបត្តិការអាជីវកម្មនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ធនាគារ BIDC បានខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការនយោបាយ ភារកិច្ចអាជីវកម្ម និងសម្រេចបានលទ្ធផលគួរជាទីមោទនភាព។ បន្ទាប់ពីរយៈពេល១៥ឆ្នាំនៃការអភិវឌ្ឍ បច្ចុប្បន្ននេះ ធនាគារ BIDC បានវិវឌ្ឍយ៉ាងខ្លាំងលើទំហំនិងប្រសិទ្ធភាពប្រតិបត្តិការ ដោយក្លាយជាធនាគារពាណិជ្ជខ្នាតធំនៅកម្ពុជា។ បើប្រៀបនឹងថ្ងៃបង្កើតដំបូង ដើមទុនចុះបញជីរបស់ធនាគារ BIDC បានកើនឡើងជិត១.៥ដង ដែលមានចំនួន១០០លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបបានកើនឡើង៥.៥ដង ដែលមានចំនួន៩២០លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង៤ដង ដែលមានចំនួន៤៥០លានដុល្លារអាមេរិក សមតុល្យឥណទានបានកើនឡើង៤.៥ដង ដែលមានចំនួន៦៥០លានដុល្លារអាមេរិក បណ្តាសាខាកំពុងពង្រីកកាន់តែខ្លាំងជាមួយនឹងសាខាចំនួន១០នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៃប្រទេសកម្ពុជា និងវៀតណាម។
ទន្ទឹមជាមួយនឹងសកម្មភាពអាជីវកម្ម ធនាគារ BIDC បានសហការជាមួយបណ្តាអង្គភាពពាណិជ្ជកម្មរបស់ធនាគារ BIDV ដើម្បីអនុវត្តសកម្មភាពសន្តិសុខសង្គមនៅកម្ពុជាលើវិស័យអប់រំ សុខាភិបាល និងជួយដល់ប្រជាជនដែលរងគ្រោះពីផលប៉ះពាល់នៃគ្រោះធម្មជាតិជាដើម ជាមួយថវិកាសរុបជាង១០លានដុល្លារអាមេរិក។ សកម្មភាពសន្តិសុខសង្គមរបស់ធនាគារ BIDC និងបណ្តាអង្គភាពពាណិជ្ជកម្មរបស់ធនាគារ BIDV បានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយត្រូវបានវាយតម្លៃខ្ពស់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចំពោះការអនុវត្ត និងប្រសិទ្ធភាព។
ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ធនាគារ BIDC ត្រូវបានទទួលស្គាល់ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល និងវិស័យធនាគារកម្ពុជានិងវៀតណាម បានវាយតម្លៃខ្ពស់ និងផ្តល់គ្រឿងឥស្សរិយយស និងរង្វាន់ជាច្រើន។ ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ នៃការបង្កើតធនាគារ BIDC នៅតែបន្តមានមោទនភាព នៅពេលដែលព្រះមហាក្សត្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ ថ្នាក់មហាសេនា គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរអភិវឌ្ឍន៍របស់ធនាគារ BIDC។ ជាងនេះទៀត ព្រះមហាក្សត្រកម្ពុជាក៏បានប្រទានគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ សម្រាប់ការរួមចំណែកលើកស្ទួយសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដល់ថ្នាក់ដឹកនាំធនាគារ BIDV ចំនួន៣រូប និងគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ ថ្នាក់មហាសេនា ជូនអគ្គនាយកធនាគារ BIDC។
ថ្លែងសន្ទរកថាក្នុងកម្មវិធីនេះ លោក ស៊ុំ សន្និសិទ្ធ អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលស្គាល់ថា «ការចូលមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០០៩ របស់ធនាគារ BIDC បង្ហាញពីការជឿទុកចិត្តរបស់អ្នកវិនិយោគវៀតណាមក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជា តភ្ជាប់ទីផ្សារហិរញ្ញវត្ថុ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់បណ្តាសហគ្រាសនៃប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។
ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងដែលបានផ្សារភ្ជាប់សកម្មភាពជាច្រើនឆ្នាំជាមួយធនាគារ BIDV/BIDC សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានថ្លែងសុន្ទរកថាទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែកដ៏អស្ចារ្យរបស់ធនាគារ BIDV/BIDC ចំពោះសេដ្ឋកិច្ចកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើសុំធនាគារ BIDV/BIDC បន្តរក្សាតួនាទីឈានមុខគេក្នុងចំណោមបណ្តាសហគ្រាសវៀតណាម ដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងបន្តលើកកម្ពស់តួនាទីតភ្ជាប់ក្នុងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។
នាពេលខាងមុខ ធនាគារ BIDC នឹងបន្តទទួលមរតក និងលើកកម្ពស់សមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល១៥ឆ្នាំ ធ្វើប្រតិបត្តិការដើម្បីបន្តខិតខំប្រឹងប្រែង សំដៅសកម្មភាពអាជីវកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ហើយបញ្ជាក់ជំហររបស់ខ្លួនជាធនាគារធំមួយក្នុងទីផ្សារកម្ពុជា រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងរួមចំណែកធ្វើអោយទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមរីកចម្រើនដល់កម្រិតថ្មីមួយ។
ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំនៃការបង្កើតធនាគារ BIDC បានប្រកាសពីការផ្លាស់ប្ដូរម៉ាកសញ្ញាថ្មីរបស់ខ្លួន។ អាស្រ័យហេតុនេះ ធនាគារនៅតែរក្សាឈ្មោះពេញរបស់ខ្លួន «ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី» ឈ្មោះអក្សរកាត់ BIDC Bank ផ្នែកនិមិត្តសញ្ញាគឺជាស្ថាបត្យកម្មប្រាសាទអត្តសញ្ញាណកម្ពុជា ដែលជានិមិត្តរូបនៃសមាហរណកម្ម ការផ្សាភ្ជាប់ និងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាពរបស់ធនាគារ BIDC នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Logo ថ្មីនេះ មានពីរពណ៌ចម្បង គឺបៃតងត្បូងមរកតនិងលឿង។ ពណ៌បៃតងតំណាងឱ្យភាពរឹងមាំ យុវវ័យសម័យទំនើប និងសេចក្តីប្រាថ្នានាពេលខាងមុខរបស់ធនាគារ BIDC។ ពណ៌លឿង និមិត្តសញ្ញារូបិយប័ណ្ណ ភាពរុងរឿង និងភាពសម្បូរបែប ។ល។
ការផ្លាស់ប្ដូរម៉ាកសញ្ញាថ្មី គឺជាជំហានមួយនៅក្នុងយុទ្ធសាស្ត្ររបស់ធនាគារ BIDC ដើម្បីបញ្ជាក់រូបភាពធនាគារដែលមានថាមពល រួសរាយរាក់ទាក់ និងត្រៀមខ្លួនជានិច្ចជាមួយនឹងការបង្កភាពងាយស្រួល និងអត្ថប្រយោជន៍ល្អបំផុតដល់អតិថិជន ម្ចាស់ភាគហ៊ុន បុគ្គលិក និងសហគមន៍ ស្របតាម និន្នាការផ្លាស់ប្តូរឌីជីថល។ នាពេលខាងមុខ ធនាគារ BIDC នឹងបន្តធ្វើការផ្លាស់ប្តូរជាច្រើនដើម្បីផ្តល់ផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ព្រមទាំងរួមដំណើរ សហការ អភិវឌ្ឍជាមួយអតិថិជន និងដៃគូរ ។ល។
ដំណើរការផ្លាស់ប្តូរម៉ាកសញ្ញារបស់ធនាគារ BIDC ត្រូវបានអនុវត្តតាមផែនការ។ ដូចច្នេះ ធនាគារ BIDC នឹងមិនផ្លាស់ប្តូរទាំងស្រុងនៅពេលប្រកាសម៉ាកសញ្ញាថ្មីនោះទេ ប៉ុន្តែនឹងធ្វើបន្តិចម្តងៗតាមផែនការ ដោយធានាការសន្សំសម្ចៃ ប្រសិទ្ធភាព និងស្របទៅតាមលក្ខខណ្ឌជាក់ស្តែងរបស់ធនាគារ៕