(ឡុងដ៍)៖ កីឡាករ Declan Rice និង Jack Grealish បានរួមចំណែកជួយតោកំណាចអង់គ្លេស យកឈ្នះម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់ ២-០ តាមរយៈរកបានម្នាក់ ១គ្រាប់នាយប់មិញនេះ បើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះក៏ជាគ្រាប់ដំបូងរបស់ Grealish សម្រាប់ជម្រើសជាតិអង់គ្លេស គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មក ក្នុងនាមខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបមេឃខៀវ Manchester City ដ្បិត Rice ដែលជ្រើសរើសចេញពីក្លិប Arsenal បានបដិសេធមិនអបអរគ្រាប់បាល់ចូលទីនោះទេ ដែលកន្លងមកធ្លាប់លេងឱ្យជម្រើសជាតិអៀរឡង់ផងនោះ។

ជាមួយគ្នានោះដែរ វាជាជ័យជម្នះលើកដំបូងពី ១ប្រកួតដំបូងដូចគ្នាស្ថិតក្រោមការគ្រូបង្វឹកបណ្តោះអាសន្ន ដោយលោក Lee Carsley ដែលបានលាឈប់ដឹកនាំ U-21 ដើម្បីឡើងមកដឹកនាំក្រុមធំអង់គ្លេសជំនួសលោក Gareth Southgate ដែលមានរយៈពេល ៥៥ថ្ងៃមកហើយ គិតចាប់តាំងពីពួកគេចាញ់ផ្តាច់ព្រ័ត្រកាលនៅអាល្លឺម៉ង់ ក្នុងពាន Euro 2024។

ចំណែកឯអៀរឡង់ ដែលកំពុងឈរនៅលេខរៀងទី៥៨ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ដោយចាញ់អង់គ្លេសដល់ទៅ ៥៤លេខផងនោះ មានឱកាសស៊ុតចំគោលដៅតែ ១លើកគត់ ក្នុងចំណោមស៊ុត ៥លើក ពីការប្រកួត ៩០នាទីពេញសម្រាប់ជើងទី១ ក្នុងទឹកដីរបស់ខ្លួនប្រចាំក្រុម ២ League B ហើយក៏ជា ១ប្រកួតដំបូងផងដែរ ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Hallgrimsson ដែលទើបត្រូវបានតែងតាំងនាខែកក្កដា ឆ្នាំ២០២៤៕