(រីយ៉ាដ)៖ កីឡាករស្នូកឃើលំដាប់លេខ១ ពិភពលោក Judd Trump បានយកឈ្នះគូប្រជែង Mark Williams ប្រកបដោយភាពតានតឹងបំផុត ពោលគឺយកឈ្នះក្នុងលទ្ធផល ១០-៩សិត ដើម្បីដណ្តើមបានជើងឯកពាន Saudi Masters 2024 របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣៥ឆ្នាំរូបនេះ បានវាយយកឈ្នះ ១សិតចុងក្រោយ ដែលមានពិន្ទុត្រឹមតែ ៧២ពិន្ទុ ក្រោយពេលគូប្រជែង Williams របស់វ៉េលបានបរាជ័យក្នុងការវាយកូនក្រហមបញ្ចូលឡូ ដ្បិតកំពុងមាន ៦២ពិន្ទុនាំមុខ Trump ទៅហើយ។

នេះមានន័យថា Trump នៅតែបន្តភាពខ្លាំងរបស់ខ្លួនដដែលសម្រាប់រដូវកាលនេះ តាមរយៈលេងឈ្នះ ១៤កម្មវិធី ក្នុងចំណោម ១៥កម្មវិធីសរុបផងដែរ។ រូបគេបាននាំមុខ Williams ៥-៣សិត ចាប់ពីសិតដំបូងមកទៀតផង នៅមុនពេលកីឡាករវ៉េលបើកការនាំមុខ ៩-៨សិតវិញ និងបានបំបែកកំណត់ត្រាចាស់របស់ខ្លួន តាមរយៈរកបាន ១៣៨ពិន្ទុខ្ពស់បំផុតដែរ។

គួរបញ្ជាក់ផងថា នេះជាការប្រកួតផ្តាច់ព្រ័ត្រស្នូកឃើដែលមានការរៀបចំដ៏អស្ចារ្យ អមដោយប្រាក់រង្វាន់ ៦៥ម៉ឺនដុល្លារ សម្រាប់ជើងឯក ដែលជាទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មាន បន្ទាប់ពីជើងឯកពិភពលោក World Championship៕