(ភ្នំពេញ)៖ នៅក្នុងពិភពសាកលភាវូបនីយកម្មកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ការដឹកជញ្ជូន និងទំនាក់ទំនងអន្តរជាតិកាន់តែប្រសើរឡើង ប្រជាជនមួយចំនួនបានចាកចេញពីប្រទេសដើមរបស់ខ្លួន ដើម្បីស្វែងរកឱកាសការងារកាន់តែល្អប្រសើរនៅបរទេស ហើយសកម្មភាពទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក ។
ដោយសារមានការកើនឡើងនូវសាកលភាវូបនីយកម្មខាងលើ ទើបតម្រូវឱ្យប្រទេសនីមួយៗមានច្បាប់ ជាពិសេសអនុសញ្ញា និងលិខិតតុបករណ៍អន្តរជាតិនានា ស្តីពី សិទ្ធិមនុស្ស ដែលបានបង្កើតស្តង់ដាអប្បបរមា ដើម្បីឱ្យរដ្ឋភាគីគួរអនុវត្តចំពោះ ពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ ដែលមិនគិតពីស្ថានភាពចំណាកស្រុក ដោយផ្តល់សិទ្ធិ និងការការពារពីការរំលោភបំពានសិទ្ធិរបស់ពួកគេ ។
តើពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសារទទួលបានការការពារសិទ្ធិយ៉ាងដូចម្តេចខ្លះ? ហើយអនុសញ្ញា និងលិខិតតុបករណ៍នានាស្តីពី សិទ្ធិមនុស្ស បានកំណត់យ៉ាងដូចម្តេចខ្លះ ក្នុងការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ?
សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសារ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តអនុសញ្ញាអន្តរជាតិ ស្តីពីការការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩០ ហើយអនុសញ្ញានេះ ចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៣ ។ អនុសញ្ញានេះ ត្រូវបានយកមកអនុវត្តសម្រាប់ការធ្វើទេសន្តរប្រវេសន៍ទាំងមូល រួមមានការរៀបចំសម្រាប់ការធ្វើទេសន្តរប្រវេសន៍ ការចាកចេញ ការឆ្លងកាត់ រយៈពេលស្នាក់នៅក្នុងរដ្ឋដែលទទួលឱ្យធ្វើការ និងការវិលត្រឡប់មករដ្ឋកំណើតវិញ ។យោងតាមមាត្រា ២ នៃអនុសញ្ញាអន្តរជាតិ ស្តីពី ការការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ បានឱ្យនិយមន័យពលករទេសន្តរប្រវេសន៍ គឺជាបុគ្គលដែលចូលរួម ឬបានចូលរួមនៅក្នុងសកម្មភាពបានកម្រៃនៅក្នុងរដ្ឋមួយដែលបុគ្គលនោះមិនមានសញ្ជាតិនៃរដ្ឋនោះ ។ សមាជិកគ្រួសាររបស់ពួកគេ សំដៅដល់បុគ្គលដែលរៀបអាពាហ៍ពិពាហ៍ ជាមួយពលករទេសន្តរប្រវេសន៍ ឬបង្កើតញាតិភាពជាមួយពលករទេសន្តរប្រវេសន៍ ដែលមានលក្ខណៈសមមូលទៅនឹងចំណងអាពាហ៍ពិពាហ៍ ស្របតាមច្បាប់ជាធរមាន រួមមាន កូន និងអ្នកនៅក្នុងបន្ទុកដទៃទៀត ដែលត្រូវបានទទួលស្គាល់ថា ជាសមាជិកគ្រួសារតាមច្បាប់ ឬកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ដែលនៅជាធរមាន រវាងរដ្ឋដែលពាក់ព័ន្ធ ។
ពលករទេសន្តរប្រវេសន៍មានច្រើនប្រភេទដូចជា ពលករតាមព្រំដែនពលករតាមរដូវ ពលករតាមសមុទ្រ ពលករដែលធ្វើការងារលើទីតាំងក្នុងសមុទ្រ ពលករត្រាច់ចរ ពលករតាមគម្រោង និងពលករតាមការងារជាក់លាក់ ។ ពលករទេសសន្តរប្រវេសន៍ស្របច្បាប់ ជាបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យចូល ឱ្យស្នាក់នៅ និងឱ្យចូលរួមក្នុងសកម្មភាពបានកម្រៃនៅក្នុងរដ្ឋដែលទទួលឱ្យធ្វើការស្របតាមច្បាប់នៃរដ្ឋនោះ ឬកិច្ចព្រមព្រៀងអន្តរជាតិដែលរដ្ឋនោះ គឺជារដ្ឋភាគី ។ ផ្ទុយទៅវិញ បើបុគ្គលទាំងឡាយណាដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ ត្រូវបានចាត់ទុកថាជាពលករទេសន្តរប្រវេសន៍ដែលខុសច្បាប់ ។
អនុសញ្ញារបស់សហគមន៍អន្តរជាតិក្នុងការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍គ្រប់រូប និងក្រុមគ្រួសាររបស់ពួកគេ គឺបានសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូរ សមធម៌ និងយុត្តិធម៌ ដោយផ្តល់ឱ្យពួកគេទទួលបាននូវសិទ្ធិដូចជា៖
*សិទ្ធិសេរីភាព និងការការពារទូទៅ
- ទទួលបាននូវសិទ្ធិទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ទទួលបានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ និងចូលរួមសកម្មភាពផ្សេងៗ ក្នុងការបំពេញការងារ
- ការមិនរើសអើងដែលពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេត្រូវបានការពារពីការរើសអើងដោយផ្អែកលើសញ្ជាតិ ពូជសាសន៍ ឬ ភេទ
- ពុំមានពលករទេសន្តរប្រវេសន៍ ឬសមាជិកគ្រួសាររបស់ពួកគេណាម្នាក់ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ដោយគ្រាន់តែពួកគេខកខានមិនបានបំពេញកាតព្វកិច្ចនៃកិច្ចសន្យានោះឡើយ
- ពុំមានពលករទេសន្តរប្រវេសន៍ ឬសមាជិកគ្រួសាររបស់ពួកគេណាម្នាក់ ត្រូវបានគេដកហូតលិខិតអនុញ្ញាតឱ្យស្នាក់នៅ ឬលិខិតអនុញ្ញាតឱ្យធ្វើការ ឬត្រូវបានគេបណ្តេញចេញ ដោយគ្រាន់តែពួកគេខកខានមិនបានបំពេញកាតព្វកិច្ច ដែលកើតចេញពីកិច្ចសន្យាការងារនោះឡើយ លុះត្រាតែការបំពេញកាតព្វកិច្ចនេះគឺជាលក្ខខណ្ឌមួយ សម្រាប់ទទួលបានលិខិតអនុញ្ញាត ឱ្យស្នាក់នៅ ឬលិខិតអនុញ្ញាតឱ្យធ្វើការ
- ពុំមានពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ ត្រូវទទួលរងវិធានការបណ្តេញចេញរួមគ្នានោះទេ
- ពុំមានពលករទេសន្តរប្រវេសន៍ ឬសមាជិកគ្រួសារ ត្រូវទទួលរងទារុណកម្ម ឬការប្រព្រឹត្ត ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកឡើយ
- ទទួលបានសិទ្ធិពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ដូចជាទទួលបានការថែទាំសុខភាព
- ទទួលបានសិទ្ធិក្នុងការទទួលបានព័ត៌មានទាំងក្នុងរដ្ឋដែលខ្លួនកំពុងស្នាក់នៅ និងរដ្ឋកំណើតរបស់ពួកគេ ឬរដ្ឋភាគី ត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដែលខ្លួនចាត់ទុកថាសមស្រប ដើម្បីផ្សព្វផ្សាយពីព័ត៌មានដល់និយោជក សហជីព ឬអង្គភាព ឬស្ថាប័ន សមស្របដទៃទៀត
- មានសិទ្ធិដឹងពីការផ្សព្វផ្សាយព័ត៌មានអំពីនិយោជក សហជីព ឬអង្គភាព ឬស្ថាប័ន ដូចអ្នកដទៃទៀត
- មានសិទ្ធិដឹងព័ត៌មានគ្រប់ជ្រុងជ្រោយ តាមការស្នើសុំដោយមិនគិតថ្លៃ និងតាមលទ្ធភាពដែលនិយោជក សហជីព ឬអង្គភាព ឬស្ថាប័ន អាចធ្វើបាន ក្នុងភាសាមួយដែលពួកគេស្ដាប់យល់ ។
*សិទ្ធិគ្រួសារ
- កុមារគ្រប់រូបរបស់ពលករទេសន្តរប្រវេសន៍ ត្រូវមានសិទ្ធិទទួលបាន ឈ្មោះ ការចុះសំបុត្រកំណើត និងសញ្ជាតិ
- កុមារមានសិទ្ធិទទួលបានការអប់រំ និងថែទាំសុខភាពជាដើម ។
*សិទ្ធិក្នុងការប្រកបការងារ ដូចទៅនឹងពលរដ្ឋនៃរដ្ឋនោះ
- ទទួលបានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ និងចូលរួមសកម្មភាពផ្សេងៗ ក្នុងការបំពេញការងារ
- ទទួលបានការព្យាបាលដោយយុត្តិធម៌ ដោយផ្តល់ស្តង់ដាសម្រាប់លក្ខខណ្ឌការងារដោយយុត្តិធម៌ រួមទាំងម៉ោងធ្វើការសមរម្យ បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងការការពារពីការកេងប្រវ័ញ្ច
- ធានាសិទ្ធិទទួលបានការងារជ្រើសរើសដោយសេរី និងប្រាក់ឈ្នួលសមរម្យ ។
*សិទ្ធិក្នុងវិស័យច្បាប់
- សិទ្ធិទទួលបានការការពារ និងជំនួយពីកុងស៊ុល ឬអាជ្ញាធរទូតនៃរដ្ឋកំណើត
- ការការពារផ្នែកច្បាប់តាមរយៈការការពារប្រឆាំងនឹងការឃុំខ្លួន និងការនិរទេសដោយបំពាន ដោយធានាថា ពលករទេសន្តរប្រវេសន៍ មានដំណោះស្រាយផ្លូវច្បាប់ ប្រសិនបើសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន
- សិទ្ធិទទួលបានយុត្តិធម៌ ដែលអនុញ្ញាតឱ្យពលករទេសន្តរប្រវេសន៍ ស្វែងរកដំណោះស្រាយ និងដោះស្រាយប្រព័ន្ធច្បាប់ជាតិ ។
ក្រៅអំពីសិទ្ធិដែលមានកំណត់នៅក្នុងអនុសញ្ញារបស់សហគមន៍អន្តរជាតិក្នុងការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ខាងលើ គឺនៅមានច្បាប់ និងអនុសញ្ញាជាច្រើនផ្សេងទៀតបានចែង និងយកចិត្តទុកដាក់ចំពោះពួកគេ ។ ប្រសិនបើរដ្ឋភាគីមួយនៃអនុសញ្ញាដែលទទួលស្គាល់សមត្ថកិច្ចគណៈកម្មាធិការសម្រាប់ការពារសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ពិចារណាឃើញថា រដ្ឋភាគីមួយទៀត មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញានេះទេ រដ្ឋភាគីនេះអាចលើកយកបញ្ហានេះ តាមរយៈបណ្តឹងជាលាយលក្ខណ៍អក្សរទៅពិភាក្សាជាមួយរដ្ឋភាគីនោះ ។
រដ្ឋភាគីនេះ ក៏អាចជូនដំណឹងដល់គណៈកម្មាធិការអំពីបញ្ហានេះផងដែរ ។ ប្រសិនបើបញ្ហានេះមិនត្រូវបានកែសម្រួល និងដោះស្រាយបំភ្លឺសមហេតុផលទេ ដើម្បីឱ្យមានការពេញចិត្តពីសំណាក់រដ្ឋភាគីទាំងសងខាង ក្នុងរយៈពេលមិនលើសពី ៦ខែ ក្រោយពីរដ្ឋទទួលបណ្តឹង បានទទួលបណ្តឹងដំបូងនោះទេ នោះរដ្ឋភាគីណាមួយក្នុងចំណោមរដ្ឋភាគីទាំង២នេះ មានសិទ្ធិបញ្ជូនបញ្ហានេះទៅគណៈកម្មាធិការដោយធ្វើការជូនដំណឹងដល់គណៈកម្មាធិការ និងដល់រដ្ឋភាគីមួយទៀត ។
សរុបសេចក្តីមក ការយល់ដឹងពីការការពារសិទ្ធិពលករទេសន្តរប្រវេសន៍ និងសមាជិកគ្រួសារ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិកគ្រួសាររបស់ពួកគេ ដោយអនុសញ្ញានេះ បានផ្តល់នូវសិទ្ធិសេរីភាព និងការការពារសិទ្ធិរបស់ពួកគេ អំឡុងពេលរៀបចំសម្រាប់ការធ្វើទេសន្តរប្រវេសន៍ ការចាកចេញ ការឆ្លងកាត់ រយៈពេលស្នាក់នៅក្នុងរដ្ឋដែលទទួលឱ្យធ្វើការ និងការវិលត្រឡប់មករដ្ឋកំណើតវិញ ប្រកបដោយភាពស្របច្បាប់ សមធម៌ និងមនុស្សធម៌ ។ វាក៏បានផ្តល់នូវវិធីសាស្រ្តដ៏ទូលំទូលាយ និងជារចនាសម្ព័ន្ធក្នុងការការពារសិទ្ធិរបស់ពួកគេ ដោយលើកកម្ពស់បរិយាកាសការងារជាសកល ប្រកបដោយសមភាព និងយុត្តិធម៌ ដែលរដ្ឋភាគី ពលករទេសន្តរប្រវេសន៍គ្រប់រូប និងសមាជិកគ្រួសារ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ។
រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងកញ្ញា សាន់ រតនា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕