(ហ្សូរិច)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលជាជើងឯកពានរង្វាន់អឺរ៉ុប Euro 2024 នៅតែអាចយកបាន ៣ពិន្ទុពីស្វីស ដើម្បីត្រឡប់ទៅផ្ទះវិញដដែល បើទោះបីជានៅសល់សមាជិកតែ ១០នាក់ក្តី ក្នុងកម្មវិធី UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
នេះជាការប្រកួតលើកទី២ ប្រចាំក្រុម៤ នៃ League A របស់ក្រុមការពារតំណែងជើងឯកមួយនេះផងដែរ បន្ទាប់ពីបញ្ចប់លទ្ធផលត្រឹមស្មើ ០-០ ទល់នឹងស៊ែប៊ីកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន និងជា ២ប្រកួតលេងមិនទាន់ចាញ់ទៀតផង គិតចាប់តាំងពីពួកគេបានឈ្នះជើងឯក Euro 2024 គម្រប់លើកទី៤ កាលពីខែកក្កដាមក។
ក្នុងការលេង ៩០នាទីពេញនៅប្រទេសស្វីស ក្រុមគោជល់អេស្ប៉ាញបានបើកការមុខ ២គ្រាប់ទៅហើយ ត្រឹមចាប់ផ្តើមលេងបានតែ ១៣នាទីប៉ុណ្ណោះ ក្នុងប្រកួតដែល Fabian Ruiz ក៏រកបាន ២គ្រាប់ម្នា្នក់ឯងផងដែរនៅនាទី១៣ និងនាទី៧៧ កើនបាន ៥គ្រាប់ពីការចូលលេងបាន ៦ប្រកួតជាមួយអេស្ប៉ាញក្នុងឆ្នាំ២០២៤ នេះ។
ប៉ុន្តែជាអកុសល លុះការប្រកួតបានដំណើរដល់នាទីទី២០ ទើបកីឡាករខ្សែការពារ Robin le Normand បានបង្កកំហុសទៅលើគូប្រជែង Breel Embolo ត្រូវបានពិន័យកាតក្រហម បណ្តេញចេញពីទីលានតែម្តង និងជាការបើកផ្លូវឱ្យស្វីសវាយបកបាន ១គ្រាប់វិញ នៅមុនពេលបញ្ចប់វគ្គទី១ ដ្បិត Ferran Torres ជាអ្នករកបានគ្រាប់ទី៤ សម្រាប់អេស្ប៉ាញនៅនាទី៨០៕