(ភ្នំពេញ)៖ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE នាព្រឹកថ្ងៃទី០៨ កញ្ញា ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សានានាពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE)។ កម្មវិធីនេះមានអ្នកចូលរួមជាង ២,២០០នាក់ បានបង្ហាញនូវមោទនភាព និងស្នាមញញឹមអបអរសាទរលើសមិទ្ធផលចូលរួមការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់កម្ពុជា។
សាលា ACE ជាសាលាដំបូងគេនៅក្រៅទ្វីបអឺរ៉ុបដែលឈ្នះពានរង្វាន់អ្នកអប់រំភាសាដ៏មានកិត្យានុភាពប្រចាំឆ្នាំ (Language Education of the Year Award) ហើយកាលពីឆ្នាំ២០២២ គណៈកម្មការប្រមាណជាង ៤០នាក់មកពីជុំវិញពិភពលោកបានជ្រើសរើស ACE ឲ្យទទួលពានរង្វាន់លើភាពច្នៃប្រឌិតលើការអប់រំបែបឌីជីថល Digital Innovation–Learning Award នៅកម្មវិធី PIEoneer Awards ទីក្រុងឡុងដ៍ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យលើការទទួលស្គាល់ភាពឆ្នើមនៃវិស័យអប់រំជាលក្ខណៈអន្តរជាតិ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានកោតសរសើរដល់សិស្ស និស្សិតជ័យលាភីលើការខិតខំប្រឹងដែលនាំមកផ្លែផ្កា និងមោទនភាពជូនក្រុមគ្រួសារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអាណាព្យាបាល ដែលចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សិស្សានុសិស្សនាពេលកន្លងមក។
ជាមួយនេះដែរ លោកបានបញ្ជាក់ពីគុណភាពនៃការអប់រំភាសាអង់គ្លេសដែលសិស្សានុសិស្សលើគ្រប់កម្រិតនឹងទទួលបានគឺជាការសិក្សាប្រកបដោយគុណភាពលំដាប់ពិភពលោក រួមបន្ថែមនូវបំណិនត្រិះរិះពិចារណា ជំនាញស្រាវជ្រាវ និងដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំជាដើម ព្រមទាំងបទពិសោធន៍លើការប្រើបច្ចេកវិទ្យា។
សិស្សនិស្សិតប្រមាណជាង ១លាននាក់ តំណាងឲ្យ ៦០សញ្ជាតិបានបញ្ចប់ការសិក្សាពីសាលា ACE រាប់តាំងពីការបើកដំណើរការដំបូងនាឆ្នាំ១៩៩២ ជាមួយពិន្ទុភាសាអង់គ្លេស (IELTS) ដែលអាចប្រើប្រាស់ជាសកល ឬបន្តការសិក្សានៅបរទេសរួមទាំងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដាជាដើម៕