(ភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ដែលត្រូវបានគេស្គាល់ថា ជាតារាសម្ដែង ឌុច លីដា បានបើករថយន្តចូលគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក របស់អធិការដ្ឋានខណ្ឌ៧មករា ហើយមិនសហការជាមួយសមត្ថកិច្ចពិនិត្យជាតិអាកុល បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ហេតុការណ៍នេះ កើតឡើងម្ដុំអតីតផ្សារស៊ីតនី ផ្លូវកម្ពុជាក្រោម ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ក្រោយពីនាំតារាសម្ដែង ឌុច លីដា ទៅដល់អធិការខណ្ឌ សមត្ថកិច្ចបានវាស់ជាតិអាល់កុល គឺមានកម្រិត ០.៩០មីល្លីក្រាមក្នុងមួយលីត្រខ្យល់ និងបានបង់ផាកពិន័យចំនួន២លានរៀល។
អ្វីដែលសមត្ថកិច្ចកត់សម្គាល់ មុននឹងនាំតារាសម្ដែង ឌុច លីដា ទៅអធិការខណ្ឌ គឺដោយសារតែតារាសម្ដែងល្បីរូបនេះ មិនបានសហការជាមួយសមត្ថកិច្ច នៅនឹងគោលដៅចរាចរណ៍ ដោយបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់មកលើសមត្ថកិច្ចទៀតផង។
តារាសម្ដែង ឌុច លីដា ត្រូវបានមហាជនស្គាល់ថា ជាតារាស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការសម្ដែងភាពយន្តជាច្រើនរឿង និងបទចម្រៀងខារ៉ាអូខេ ព្រមទាំងការងារសិល្បៈជាច្រើនទៀត។ ភាគច្រើននៃការសម្ដែងភាពយន្ត គឺនាងតែងតែទទួលបានតំណែងជាតួឯក៕