(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនចិន Huawei បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ ៣តង់របស់ខ្លួនទទួលបានការបញ្ជាទិញជាមុន ឬ Pre-Orders ខ្ទង់ ២.៧លានគ្រឿង ក្រោយដាក់ឱ្យកម្មង់ទិញរយៈពេលជាងមួយថ្ងៃ។ ស្មាតហ្វូន Mate XT នេះត្រូវបានដាក់ឱ្យបញ្ជាទិញ ស្របពេលដែលក្រុមហ៊ុន Apple កំពុងរៀបចំព្រឹត្តិការណ៍ដ៏ធំត្រៀមប្រកាសបង្ហាញ iPhone 16 Series នៅរាត្រីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
របាយការណ៍ពី Nikkie Asia បានបង្ហាញថា Huawei បានចាប់ផ្តើមបើកការបញ្ជាទិញនៅម៉ោង ១២:០៨នាទីថ្ងៃត្រង់ (ម៉ោងប្រទេសចិន) ថ្ងៃទី០៧ ខែកញ្ញា ត្រឹមតែរយៈពេល ៧ម៉ោង ស្មាតហ្វូនអេក្រង់បត់ ៣តង់នេះទទួលបានការកក់រហូតដល់ទៅ ១,៣លានគ្រឿងឯណោះ។ ខណៈដែលចំនួននេះហាក់បង្ហាញពីសន្ទុះគាំទ្រខ្លាំងសម្រាប់ស្មាតហ្វូនអេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុនចិន។
យ៉ាងណាចំពោះព័ត៌មានលម្អិតអំពីស្មាតហ្វូននេះ Huawei នឹងធ្វើការប្រកាសបង្ហាញជាសាធារណៈនៅថ្ងៃទី១០ ខែកញ្ញា នៅវេលាម៉ោង ២:៣០នាទីរសៀល (ម៉ោងនៅប្រទេសចិន) ស្អែកនេះ ដោយឡែកពេលវេលាចេញលក់នឹងមកដល់នូវថ្ងៃទី២០ ខែកញ្ញា ដែលជាពេលវេលាដូចគ្នាទៅនឹងការចេញលក់ iPhone 16 របស់ក្រុមហ៊ុន Apple។
គួរជម្រាបថា ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងការនាំចេញស្មាតហ្វូនទូទាំងពិភពលោក ជាមួយនឹងស្មាតហ្វូនចំនួន ១០.៦លានគ្រឿងត្រូវបាននាំចេញ នេះបើយោងតាម Canalys៕