(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកយុវជនអាស៊ីក្រោមអាយុ ១៤ឆ្នាំ (ATF Asian U14 Junior Championship) ឆ្នាំ២០២៤ នៅកម្ពុជា បានចាប់ផ្ដើមការប្រកួតជាផ្លូវការ នៅថ្ងៃទី០៩ ខែកញ្ញានេះ ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងចូលរួមសរុបចំនួន ៤៨នាក់ និងមកពី ១៦ប្រទេសក្នុងទ្វីបអាស៊ី នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។
ពិធីបើកការប្រកួតកីឡាវាយកូនបាល់យុវជនប្រចាំទ្វីបអាស៊ីនេះ មានការអញ្ជើញចូលរួមពីលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ហើយក៏មានការចូលរួមពីលោកស្រី Debbie Kirkwood ប្រធានចាត់ចែងព្រឹត្តិការណ៏ការប្រកួត សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងលោកស្រី Manpreet Khandari នាយកប្រតិបត្តិសហព័ន្ធកីឡាវាយកូនបាល់អាស៊ីផងដែរ ។
នេះជាលើកទី២ ហើយ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបនេះ ខណៈលោក ទេព រិទ្ធីវិទ្ធ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ និងអត្តពលិកទាំងអស់ មកកាន់ប្រទេសកម្ពុជា ។ សម្រាប់អត្តពលិកវ័យក្មេងទាំង ១៦ប្រទេស ដែលចូលរួមការប្រកួតនេះ គឺមានម្ចាស់ផ្ទះកម្ពុជា ចិន ឆាយនីសតៃប៉ិ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ ប៉ាគីស្ថាន តួកមេនីស្ថាន អ៊ូបេគីស្ថាន ថៃ និងវៀតណាម ។
ព្រឹត្តិការណ៍នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតខាងលើ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ក៏បានរៀបចំនូវកម្មវិធីបោះជំរំហ្វឹកហាត់កម្រិតខ្ពស់រួមគ្នា រយៈពេល ដល់បណ្ដាអត្តពលិកចូលរួមទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីទាំងអស់ ក៏ដូចជាការរឹតចំណងមិត្តភាពគ្នាទៅវិញទៅមក ដោយមានការចូលរួមពីគ្រូបង្វឹកអន្ដរជាតិផងដែរ ៕