(ភ្នំពេញ)៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី (Asian Kickboxing Championships) ឆ្នាំ២០២៤ នាថ្ងៃទី៦-១៣ ខែតុលាខាងមុខ ខណៈគិតមកទល់ពេលនេះ មានអត្តពលិកជាង ៦០០នាក់ មកពី ២២ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ។
ថ្លែងក្រោយមហាសន្និបាតបញ្ចប់អាណត្តិទី១ បន្ដអាណត្តិទី២ ឆ្នាំ២០២៤-២០២៨ កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ លោក ហេង សុខឃន បានបញ្ជាក់ថា ដោយសារសមិទ្ធផលដ៏ត្រចះត្រចង់ នៃស៊ីហ្គេម ឆ្នាំ២០២៣ បានជំរុញឲ្យក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី សម្រេចចិត្តជ្រើសយករាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ Asian Kickboxing Championships 2024 ដោយមិនស្ទាក់ស្ទើរ ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកមកពីបណ្ដាប្រទេស និងគ្រប់តំបន់ក្នុងទ្វីបអាស៊ី បានបង្ហាញសមត្ថភាពនៅទីក្រុងដ៏ស្រស់ស្អាត នៃប្រទេសកម្ពុជា ។
លោកថា មកទល់ពេលនេះ មានអត្តពលិកជាង ៦០០នាក់ មកពី ២២ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ក្នុងនោះអ៊ីរ៉ាក់ និងអ៊ីរ៉ង់ គឺជាប្រទេស ដែលបានចុះឈ្មោះបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រកួតច្រើនជាងគេ រហូតដល់ជាង ៦០នាក់ក្នុងមួយប្រទេស គ្រាដែលប្រទេសខ្លះ បញ្ជូនអត្តពលិកខ្លួនជាង ៤០នាក់ ខណៈកម្ពុជា ក៏បានត្រៀមកីឡាករជាង ៥០នាក់ ស្វាគមន៍អត្តពលិកមកពីបណ្ដាប្រទេសផ្សេងៗផងដែរ ។
ក្នុងនាមសហព័ន្ធ លោកបានបង្ហាញនូវមោទនភាព ដែលសហព័ន្ធអន្ដរជាតិ ក៏ដូចជាបណ្ដាប្រទេសក្នុងទ្វីបអាស៊ី បានបង្ហាញការជឿជាក់លើកម្ពុជា ពិសេសកត្ដាសុខសន្ដិភាព ដែលជំរុញឲ្យពួកគេចុះឈ្មោះចូលរួមការប្រកួតយ៉ាងច្រើនកុះករ ។ យ៉ាងណាមិញការចុះឈ្មោះនៅមិនទាន់បញ្ចប់នោះទេ ដោយគណៈកម្មការគ្រោងនឹងបិទបញ្ចប់ការចុះឈ្មោះនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ។ ហេតុនេះលោករំពឹងថា អត្តពលិកចូលរួមការប្រកួតជើងឯកអាស៊ីនេះនៅកម្ពុជានេះ អាចនឹងមានការកើនឡើងបន្ថែមទៀត ។
សូមបញ្ជាក់ថា ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ត្រូវបានកំណត់រៀបចំរៀងរាល់ ២ឆ្នាំម្ដង ខណៈកាលពីឆ្នាំ២០២២ ព្រឹត្តិការណ៍នេះ បានរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ ។ នេះជាលើកដំបូងហើយ ដែលកម្ពុជាបានរៀបចំការប្រកួតដ៏ធំប្រចាំទ្វីបអាស៊ី បន្ទាប់ពីសហព័ន្ធកីឡាឃីកបុកអន្ដរជាតិ និងអាស៊ី បានមើលឃើញពីសក្ដានុពល និងការរៀបចំបានយ៉ាងល្អ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ ។ ចំពោះវិញ្ញាសាប្រកួត បែងចែកជា ៣កម្រិត រួមមានវិញ្ញាសា Full Contact, Low Kick and K1 ៕