(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម ពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុន នៅប្រទេសកម្ពុជា។
ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេ របស់ប្រទេសកម្ពុជា ដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបណ្តាក់ទុនយ៉ាងសំខាន់ នៅក្នុងរោងចក្រស្រាបៀរទំនើបរបស់ខ្លួន នៅទីក្រុងភ្នំពេញ ហើយក្រុមហ៊ុននេះបានបន្តឈរលើជំហរមហិច្ឆតានិរន្តរភាពរបស់ខ្លួន «ធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមហិច្ឆតានេះផ្តោតលើសសរស្តម្ភ បរិស្ថាន សង្គម និងទំនួលខុសត្រូវ។
ការចូលរួមចំណែក និងភាពជាដៃគូរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃប្រធានបទគម្រប់ខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុននេះដែលមានស្លាក «អរគុណសម្រាប់ ៣០ ឆ្នាំ» ដែលជាតំណាងនៃការអរគុណទៅប្រជាជនកម្ពុជា ដៃគូអាជីវកម្មក្នុងស្រុក និងប្រទេសកម្ពុជាចំពោះការសហការជាច្រើនឆ្នាំកន្លង។
លោក Jacco van der Linden ដែលដឹកនាំគណៈប្រតិភូប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនហ៊ិននីគែន បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនហ៊ិននីគែនខេមបូឌាចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា។
លោក Jacco van der Linden បានមានប្រសាសន៍ថា «ក្រុមហ៊ុន ហ៊ិននីគែន មានឫសគល់ដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ហើយយើងមានមោទនភាពដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ យើងជំរុញឱ្យមានការរីកចម្រើនរួមគ្នា ជាមួយភាគីពាក់ព័ន្ធរបស់យើងនៅទូទាំងខ្សែសង្វាក់ផលិតកម្ម ចាប់ពីស្រូវសាលីទៅបារ ដែលផលិតឡើងដោយការគោរពយ៉ាងជ្រាលជ្រៅ ចំពោះវប្បធម៌ ទំនៀមទម្លាប់ សហគមន៍ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា។ យើងមានបំណងបន្តកសាងកេរ្តិ៍ដំណែលនេះ ដោយបង្កើតឱកាសលូតលាស់ប្រកបដោយនិរន្តរភាព ធ្វើឱ្យមានផលជាវិជ្ជមានជាមួយធុរកិច្ច និងសហគមន៍កម្ពុជាដែលស្របតាមគោលបំណងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការបង្កើតនូវសេចក្តីរីករាយនៃការរួមគ្នាពិត ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង។
រួមជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រុមហ៊ុននេះក៏បានផ្តល់ជូនរបាយការណ៍មួយដែលមានចំណងជើងថា «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះព្រះរាជាណាចក្រកម្ពុជា» ជូននាយករដ្ឋមន្រ្តីប្រទេសកម្ពុជាផងដែរ។
របាយការណ៍នេះរួមបញ្ចូលការរកឃើញពីការសិក្សាដែលធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមានដែលបានរកឃើញថា ការគាំទ្ររួមរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាមានចំនួន ៤៣៨ លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៣ ។ តម្លៃដែលបានរកឃើញនេះរួមមានការរួមចំណែកពីដៃគូនិងអ្នកផ្គត់ផ្គង់តាំងពីប្រតិបត្តិការដំណាក់កាលដំបូងដល់ដំណាក់កាលចុងក្រោយដែលតម្លៃនោះប្រមាណជា ១,៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា (ដែលបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣១,១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក)។ របាយការណ៍នេះក៏បានរកឃើញថា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ការងារចំនួន ៧២៧ នៅក្នុងប្រតិបត្តិការផ្ទាល់របស់ខ្លួន និងគាំទ្រការងារដោយប្រយោលចំនួន ៦៦.០០០ បន្ថែមទៀតនៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូល។ ការងារ និងអត្ថប្រយោជន៍ដែល ក្រុមហ៊ុន ហ៊ុននីគែន ខេមបូឌា គាំទ្រក្នុងវិស័យសេដ្ឋកិច្ចជាច្រើនផ្នែកចាប់ពីផ្នែកពាណិជ្ជកម្មរហូតដល់កសិកម្ម។
បន្ថែមពីនេះ ៧៥% នៃការចំណាយលើលទ្ធកម្មសរុបរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុកដែលជំរុញឱ្យមានផលវិជ្ជមាននៅប្រតិបត្តិការដំណាក់កាលដំបូងក្នុងខ្សែសង្វាក់ផលិតកម្ម។ របាយការណ៍នេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងឧស្សហកម្មភេសជ្ជៈ និងវិស័យលក់រាយរបស់ប្រទេសកម្ពុជា។ អាជីវកម្មលក់រាយ និងអាជីវកម្មដូចជាភោជនីយដ្ឋាននិងបារទទួលបានអត្ថប្រយោជន៍ច្រើនពីតម្លៃដែលបង្កើតឡើងដោយឧស្សាហកម្មភេសជ្ជៈ។
លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជាបុគ្គលមួយរូបនៃគណៈប្រតិភូ ក្រុមហ៊ុន ហ៊ិននីគែន បានមានប្រសាសន៍បន្ថែមថា៖ «ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ហ៊ិននីគែន គឺជាផ្នែកមួយនៃសង្គមប្រទេសកម្ពុជា។ យើងមិនត្រឹមតែជាអ្នកវិនិយោគប៉ុណ្ណោះទេ យើងថែមទាំងជាអ្នករួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។ នេះជាមូលហេតុដែលយើងខិតខំយ៉ាងខ្លាំងទៅលើសសរស្តម្ភរបស់យើង «រូមគ្នាធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ដែលមានគោលបំណងលើកកម្ពស់ជីវភាពសហគមន៍ និងប្រទេសកម្ពុជាជាមួយការដឹកនាំកម្មវិធីដែលមាននិរន្តរភាពបរិស្ថាន លើកកម្ពស់សង្គម និងការទទួលខុសត្រូវ»។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះគឺជាអ្នកផលិត និងអ្នកទីផ្សារឈានមុខគេនៃស្រាបៀរគ្មានជាតិអាល់កុល និងនិងភេសជ្ជៈ cider លំដាប់ខ្ពស់។ យីហោ Heineken® មានផលិតផលជាង ៣៥០ ផលិតផលដែលរួមបញ្ចូលទាំងស្រាបៀរអន្តរជាតិ ស្រាបៀរក្នុងស្រុក និងភេសជ្ជៈ Cider ។ នៅក្នុងប្រទេសកម្ពុជា ផលិតផលរបស់ ក្រុមហ៊ុន ហ៊ិននីគែន ដែលមានគុណភាពខ្ពស់ទាំងក្នុងស្រុក និងអន្តរជាតិរួមមាន Heineken®, Tiger, ABC, Anchor និង Gold Crown ។ ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបើកដាក់លក់ស្រាបៀរ Heineken® 0.0 ជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេ លើពិភពលោកដែលជាជម្រើស ដល់អ្នកប្រើប្រាស់ក្នុងកម្មវិធីនានា ទន្ទឹមនឹងការលើកទឹកចិត្តដល់ការពិសាក្នុងកម្រិតសមស្រប និងការពិសាដោយការទទួលខុសត្រូវ។
ក្រុមហ៊ុនទីប្រឹក្សា Steward Redqueen បានធ្វើការសិក្សាអំពីការវាយតម្លៃផលជាវិជ្ជមាន ប្រមាណជាង ១០០ ការសិក្សានៅក្នុងប្រទេសជាង ៧០ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងដប់ប្រាំឆ្នាំ ចំពោះធ្វើការជាមួយក្រុមហ៊ុន ហ៊ិននីគែន នៅក្នុងទីផ្សារជាង ៣០ ដែលបានធ្វើការសិក្សាប្រមាណជាង ៥០ ការសិក្សាកន្លងមក៕