(សៅប៉ូឡូ)៖ ខ្សែប្រយុទ្ធ Memphis Depay បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយក្លិប Corinthians លេងក្នុងលីគកំពូលរបស់ប្រេស៊ីល បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Atletico Madrid រួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
កីឡាករវ័យ ៣០ឆ្នាំរូបនេះ នឹងលេងជាមួយក្លិបថ្មី Corinthians រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ក្រោយពេលចាកចេញពី Atletico ដោយគ្មានតម្លៃខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៤ ជាទីដែល Depay ស៊ុតបាន ៩គ្រាប់ផងដែរ ពីការចូលលេង ៣១ប្រកួត។
សមាជិកហូឡង់ ដែលបង្ហាញខ្លួននៅ Euro 2024 មិនបានជាប់ក្នុងជម្រើសរបស់គ្រូបង្វឹក Ronald Koeman ដើម្បីលេងពាន UEFA Nations League នាខែកញ្ញានេះទេ ស្របពេលគ្រូបង្វឹកក្រុមទឹកក្រូចបានលើកឡើងថា ការផ្ទេរទៅលេងនៅប្រេស៊ីល វាពុំមែនជាទីបញ្ចប់ក្នុងក្រុមជម្រើសជាតិរបស់ Depay ឡើយ។
កន្លងមក Depay ដែលចូលលេងឱ្យជម្រើសជាតិហូឡង់ដំបូងគិតចាប់តាំងពីឆ្នាំ២០១៣ រូបគេស៊ុតបាន ៤៦គ្រាប់ ពីការចូលលេងសរុបដល់ ៩៨ប្រកួត ក្នុងនាមជាកីឡាករដែលផ្តើមអាជីពបាល់ទាត់ក្នុងក្លិប PSV Eindhoven នាអំឡុងឆ្នាំ២០១១៕