(បរទេស)៖ បុគ្គលិករាប់រយនាក់ដែលកំពុងបម្រើការក្នុងក្រុមហ៊ុន Samsung Electronics នៅរោងចក្រមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា នាំគ្នាធ្វើកូដកម្មរយៈពេលពីរថ្ងៃមកហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីទាមទារតំឡើងប្រាក់ឈ្នួល។ ប្រការនេះត្រូវបានគេមើលឃើញថា កំពុងជះផលរំខានដល់ប្រតិបត្តិការនៅក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះជាខ្លាំង។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមបុគ្គលិកបានបោះតង់នៅខាងក្រៅរោងចក្រដែលស្ថិតនៅតំបន់ Sriperumbudur ជិតទីក្រុង Chennai ដើម្បីធ្វើពហិការមិនចូលធ្វើការ។ រោងចក្រដែលកំពុងមានការតវ៉ានេះ ជារោងចក្រមួយក្នុងចំណោមរោងចក្រ Samsung ចំនួនពីរក្នុងប្រទេសនេះ ខណៈឥណ្ឌាត្រូវបានក្រុមហ៊ុន Samsung ចាត់ទុកថាជាទីផ្សាររីកចម្រើនដ៏សំខាន់បំផុតរបស់ខ្លួន ត្បិតរោងចក្រនេះមានចំនួន ២០% ទៅ ៣០% នៃប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន១២ពាន់លានដុល្លាររបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន Samsung មានបុគ្គលិកប្រហែល ១,៨០០ នាក់នៅក្នុងរោងចក្រនេះ ដែលផលិតរបស់ប្រើប្រាស់អេឡិចត្រូនិកដូចជា ទូទឹកកក ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ជាដើម។
ប្រហែលពាក់កណ្តាលនៃផលិតកម្មប្រចាំថ្ងៃ ត្រូវបានប៉ះពាល់ដោយសារតែការធ្វើកូដកម្មនៅក្នុងរោងចក្រនេះ ហើយការតវ៉ាកំពុងបន្ត ដោយសារកម្មករទាមទារដំឡើងប្រាក់ឈ្នួលឲ្យកាន់តែប្រសើរជាងមុន។ លោក E. Muthukumar ប្រធានសហជីពបានថ្លែងថា «យើងកំពុងធ្វើកូដកម្មសម្រាប់ថ្ងៃទីពីរ»។
ក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសឥណ្ឌា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ Rueters ទេ។ អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា «ក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មជាមួយកម្មករដើម្បីដោះស្រាយបញ្ហាដែលពួកគេមាន ដើម្បីគោរពតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ»។