(បរទេស)៖ បន្ទាប់ពីប្រកាសចេញជាផ្លូវការនូវត្រកូល iPhone 16 និងអនុញ្ញាតឲ្យមានការបញ្ជារទិញជាមុននោះក្នុងរយៈពេលដ៏ខ្លី នៅពេលនេះក្រុមហ៊ុន Apple បានប្រកាសលក់ជាផ្លូវការហើយនៅថ្ងៃទី២០ ខែកញ្ញានេះ ពោលគឺ iPhone 16 នឹងមានលក់គ្រប់ហាងដៃគូរបស់ Apple។ ជាមួយគ្នានេះ ក៏មានរបាយការណ៍ចុះផ្សាយថា iPhone 16 នឹងត្រូវបានផលិតក្នុងប្រទេសប្រេស៉ីលបន្ថែមទៀត ស្របពេលដំណាលគ្នានឹងរោងចក្រប្រទេសចិន និងឥណ្ឌា។

បើតាមការចេញផ្សាយដោយសារព័ត៌មាន 9TO5Mac បានឲ្យដឹងថា សង្វាក់ផលិតកម្ម iPhone 16 គឺកំពុងដំណើរការនៅប្រទេសប្រេស៉ីល ស្របពេលម៉ូដែលនេះក៏កំពុងដំឡើងនៅក្នុងប្រទេសចិន និងឥណ្ឌាផងដែរ។ សម្រាប់សង្វាក់ផលិតកម្មទៅលើ iPhone 16 នៅក្នុងប្រទេសប្រេស៊ីលពេលនេះ គឺបានធ្វើឡើងនៅរោងចក្រ Foxconn ដែល ស្ថិតនៅរដ្ឋ Jundiaí នៃទីក្រុង São Paulo។ ទោះបីជាក្រុមហ៊ុន Apple បានដំណើរការរោងចក្រសម្រាប់ដំឡើង iPhone រួចហើយក៏ដោយ តែវាជាលើកដំបូងដែល iPhone ជំនាន់ថ្មី ត្រូវបានដំឡើងនៅក្នុងប្រទេសប្រេស៊ីល។ បានន័យថា ពីពេលនេះទៅ មានតែ iPhone 16 ម៉ូដែលស្តង់ដារប៉ុណ្ណោះ ដែលត្រូវបានផលិតនៅក្នុងប្រទេសប្រស៊ីល សម្រាប់ម៉ូដែលផ្សេងពីនេះ គឺបន្តមានការនាំចូលពីប្រទេសចិនដដែល។

គួរជម្រាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Appel បានចាប់ផ្តើមផលិត iPhone 15 និង iPhone 15 Plus នៅក្នុងប្រទេសឥណ្ឌា ដំណាលគ្នាជាមួយប្រទេសចិន ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺមានប្រទេសប្រេស៊ីលមួយទៀតហើយដែលកំពុងផលិត iPhone។ ការបន្ថែមប្រទេសប្រេស៉ីលមួយទៀត ដើម្បីផលិត iPhone ត្រូវបានគេមើលឃើញថា ដោយសារតែដើម្បីកាត់បន្ថយការផលិតនៅក្នុងប្រទេសចិន ត្បិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Apple បានស្វះស្វែងយ៉ាងខ្លាំងនៅក្នុងការរកទីតាំងប្រទេសផ្សេងៗ សម្រាប់ផលិតកម្ម iPhone ក្នុងនោះមានដូចជា ឥណ្ឌា ប្រេស៊ីល ហើយពេលនេះ ក៏មានវៀតណាមផងដែរ៕