(ភ្នំពេញ)៖ បវរកញ្ញាម្នាក់ បាននិងកំពុងកាន់ទង់ជាតិប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោកមួយ ដែលមានឈ្មោះថា Miss Aura International 2024 នៅទីក្រុង Antalya ប្រទេសតួកគី។ បវរកញ្ញាម្នាក់នេះ មានឈ្មោះថា កែវ សេងលីហួរ ដោយនាងបានចេញទៅចូលរួមប្រកួតកម្មវិធីខាងលើ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
Miss Aura International 2024 គឺជាការប្រកួតបវរកញ្ញាពិភពលោកប្រចាំឆ្នាំ ដែលប្រារព្ធធ្វើនៅទីក្រុង Antalya ប្រទេសតួកគី នៅឯសណ្ឋាគារដ៏ធំឈ្មោះថា Rixos Sungate។ ព្រឹត្តិការណ៍ឆ្នាំនេះ មានបវរកញ្ញាចូលរួម ប្រមាណ ៥០ប្រទេស។
ក្រៅពីកាន់ទង់ជាតិកម្ពុជា ឲ្យពិភពលោកបានស្គាល់ កែវ សេងលីហួរ បានបង្ហាញឈុតអប្សរា ម៉ូហិនី ដែលដកស្រង់ចេញពីរឿងកូរសមុទ្រទឹកដោះ និងឈុតតំណាងជាតិ «ព្រះម៉ែធរណី» នៅលើឆាក Miss Aura International 2024 ផងដែរ ក្នុងគោលបំណងបង្ហាញពីរូបចម្លាក់ នៅលើប្រាសាទអង្គវត្ត ឲ្យបរទេសបានដឹងពីរូបចម្លាក់លើប្រាសាទបុរាណខ្មែរ ដ៏ថ្លៃថ្លា។
កែវ សេងលីហួរ បានអរគុណកម្មវិធី Miss Aura International សម្រាប់ការឲ្យតម្លៃដល់បវរកញ្ញាគ្រប់ជាតិសាសដែលមកពីគ្រប់ប្រទេស និង ការស្វាគមន៍យ៉ាងកក់ក្ដៅ។ នាងចាត់ទុកថា ការឲ្យតម្លៃ គឺសំខាន់ណាស់សម្រាប់មនុស្សជាតិ និងគ្រប់ជាតិសាសន៍។
នាងថែមទាំងថ្លែងពាក្យអរគុណ មកកាន់ប្រជាជនកម្ពុជា និងអរគុណសម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្ប:, អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ ដែលជាចំណែកនាំឲ្យនាងមានឱកាសផ្សព្វផ្សាយវប្បធម៌ អរិយធម៌របស់ប្រទេស ទៅកាន់ពិភពលោក៕