(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបើកដំណើរការកំណែ Chatbot ChatGPT ដ៏ពេញនិយមរបស់ខ្លួនដែលមានតម្លៃ ២០០ដុល្លារក្នុងមួយខែជាមួយលក្ខណៈពិេសសជាច្រើន ខណៈក្រុមហ៊ុន AI មួយនេះកំពុងស្វែងរកការពង្រីកកម្មវិធីថ្មីៗក្នុងឧស្សាហកម្មនានា ដែលបម្រើដោយការប្រើប្រាស់បច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។

កម្រិតថ្មីដែលមានឈ្មោះថា ChatGPT Pro នឹងបន្ថែមលើការជាវដែលមានស្រាប់របស់ OpenAI នៃ ChatGPT Plus សម្រាប់កិច្ចការងារជាក្រុម និងសហគ្រាស។ ការពង្រីកសេវាកម្មរបស់ ChatGPT នៅពេលនេះ គឺគូសបញ្ជាក់អំពីមហិច្ឆតារបស់ក្រុមហ៊ុន OpenAI ក្នុងការធ្វើពាណិជ្ជកម្មបន្ថែមទៀតនូវបច្ចេកវិទ្យារបស់ខ្លួន ដែលបានចាប់ផ្តើមការរីកចម្រើនលើវិស័យ AI នេះ។ ក្រុមហ៊ុនបានប្រកាសថា ChatGPT Pro នឹងអនុញ្ញាតឱ្យចូលប្រើឧបករណ៍ OpenAI កម្រិតខ្ពស់បំផុត រួមទាំងការចូលប្រើគ្មានដែនកំណត់ចំពោះគំរូហេតុផលថ្មីរបស់វា o1, o1 mini, GPT-4o និងសំឡេងកម្រិតខ្ពស់។ ការជាវដែលមានតម្លៃ ២០០ដុល្លារក្នុងមួយខែនេះ ក៏រួមបញ្ចូលផងដែរនូវរបៀប o1 pro ដែលជាកំណែដែលប្រើថាមពលកុំព្យូទ័របន្ថែម ដើម្បីដោះស្រាយសំណួរស្មុគស្មាញ។

OpenAI បានបន្ថែមថា មុខងារ o1 pro ដំណើរការបានល្អប្រសើរលើការរៀនសូត្រទៅតាមមុខងារសំខាន់ៗដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត និងការសរសេរកូដ បើប្រៀបធៀបជាមួយនឹងកំណែមើល o1 និង o1-preview៕