(បរទេស)៖ ប្រទេសកូរ៉េខាងត្បូង បានបង្កើតនូវផ្លូវជិះកង់មួយប្រកបដោយភាពច្នៃប្រឌិត ជាមួយនឹងការបំពាក់ដំបូលដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ជាជម្រកដល់អ្នកជិះកង់ឈប់ជ្រោកពន្លឺថ្ងៃ និងភ្លៀង ជាពិសេសគឺវាបានបង្កើតនូវថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ថែមទៀតផង។

ផ្លូវមួយនេះមានចម្ងាយប្រមាណជាង ៣២គីឡូម៉ែត្រដោយភ្ជាប់ពីទីក្រុង Daejeon និង Sejong ពោលគឺនៅចំកណ្តាលផ្លូវរដ្ឋ តែម្ដង។

ផ្លូវជិះកង់ប្រកបដោយភាពច្នៃប្រឌិតនេះ បានបំពាក់ដំបូលប្រក់នូវផ្ទាំងសូឡាចំនួនជាង ៧៥០០ ជាមួយនឹងសមត្ថភាពអាចផលិតអគ្គិសនីប្រចាំឆ្នាំជាមធ្យមបាន ២២០០មេហ្គាវ៉ាត់ម៉ោង។ ថាមពលអគ្គិសនីដែលបានមកពីផ្ទាំងសូឡានេះ ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់បំភ្លឺផ្លូវ និងសម្រាប់ផ្ទាំងអេឡិចត្រូនិកជាច្រើនទៀតនៅក្នុងតំបន់ Sejong។

បើយោងតាមប្រភពពីមន្ត្រីដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ថាមពលអគ្គិសនីដែលបានមកពីផ្លូវជិះកង់នេះ អាចយកទៅផ្គត់ផ្គង់សម្រាប់ប្រើប្រាស់បានរហូតដល់ជាង ៦០០គ្រួសារ។

លោក Kim Geun-ho អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានថាមពលបៃតងដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានប្រាប់ ABC News ថា៖ «នៅដំណាក់កាលដំបូង ការផលិតថាមពលពន្លឺព្រះអាទិត្យភាគច្រើនត្រូវបានសាងសង់នៅក្នុងដីស្រែចម្ការដ៏ធំ និងតំបន់ភ្នំ ប៉ុន្តែបច្ចុប្បន្ន វាត្រូវគេយកមកច្នែប្រឌិតបានទៅជាដំបូលកន្លែងសាធារណៈ សម្រាប់ជាជម្រក ហើយនៅក្នុងពេលជាមួយគ្នានោះ វាបានក្លាយជាម៉ាស៊ីនភ្លើង ដោយបង្កើតបានជាថាមពលអគ្គិសនីដ៏ច្រើន។

នៅតាមទីក្រុងមួយចំនួនទៀតក្នុងប្រទេសកូរ៉េខាងត្បូងបានអនុវត្តផ្លូវជិះកង់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យ ប៉ុន្តែផ្លូវពិសេសមួយនៅក្នុងទីក្រុង Sejong នៅតែវែងជាងគេ និងតែមួយគត់ដែលកំណត់នៅកណ្តាលផ្លូវ៕