(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing Co (TSMC) ត្រូវបានគេរាយការណ៍មកថា កំពុងចរចាជាមួយនឹងក្រុមហ៊ុន Nvidia ដើម្បីផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត្ត (AI) Blackwell នៅឯរោងចក្រថ្មីរបស់ខ្លួននៅក្នុងរដ្ឋ Arizona។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពដែលដឹងពីការពិភាក្សានេះបានឱ្យដឹងថា TSMC បានរៀបចំរួចរាល់សម្រាប់រោងចក្រថ្មីរបស់ខ្លួន ហើយគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅដើមឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ នេះមិនមែនជាការសហការគ្នាជាលើកដំបូងនោះទេ ជាក់ស្តែងក្រុមហ៊ុន TSMC និង Nvidia បានចាប់ដៃគ្នាយូរមកហើយ ខណៈដែលបន្ទះឈីប Blackwell របស់ Nvidia ដែលបានបង្ហាញកាលពីខែមីនា រហូតមកដល់ពេលនេះ ត្រូវបានផលិតនៅរោងចក្ររបស់ TSMC នៅតៃវ៉ាន់។ ក្រុមហ៊ុនទាំងពីរបានបង្ហើបថា បន្ទះឈីប AI ជំនាន់ថ្មីកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដែលពាក់ព័ន្ធនឹងការបង្កើត AI និងការងារបង្កើនល្បឿនកុំព្យូទ័រ ដោយល្បឿនរបស់វាលឿនជាងមុនដល់ទៅជាង ៣០ដងឯណោះក្នុងកិច្ចការដូចជាការបម្រើសេវាកម្មឆ្លើយតបពី chatbots។

ជុំវិញកិច្ចចរចានេះទាំង TSMC និង Nvidia បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ​ ដោយប្រភពគូសបញ្ជាក់ថា ជាកិច្ចពិភាក្សាសម្ងាត់។ យ៉ាងណាប្រសិនបើកិច្ចពិភាក្សានេះ​ បញ្ចប់ទៅដោយរលូនគេរំពឹងថា Nvidia នឹងទទួលបានភាគលាភច្រើន ពោលគឺកាត់បន្ថយការនាំចូលបន្ទះឈីបពីតៃវ៉ាន់ ខណៈពេលនេះបន្ទះឈីប Blackwell ត្រូវបានផលិតទាំងស្រុងនៅរោងចក្ររបស់ TSMC នៅតៃវ៉ាន់។

គួរជម្រាបថា ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក បច្ចុប្បន្នកំពុងវិនិយោគរាប់សិបពាន់លានដុល្លារក្នុងការសាងសង់រោងចក្រចំនួនបីនៅទីក្រុង Phoenix ហើយគម្រោងនេះបានទទួលជំនួយយ៉ាងច្រើនពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចង់នាំយកការផលិតផលិតផលពាក់កណ្តាលសម្រេច (semiconductor) ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕