(ភ្នំពេញ)៖ ក្រុមជម្រើសជាតិនារីកម្ពុជា បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយនៅរសៀលនេះ ក្រោយចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ AFF Women's Cup 2024 ដោយទទួលបានចំណាត់ថ្នាក់លេខ២ និងនាំយកមេដាយប្រាក់ជូនកម្ពុជា។ នេះបើតាមការជូនដំណឹងពី FFC នាថ្ងៃទី០៦ ខែឆ្នូ ឆ្នាំ២០២៤ ។
ទន្ទឹមជាមួយដំណើរមាតុភូមិនិវត្តន៍ប្រកដដោយមោទនភាពជាតិនេះ ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាការសាទរពីសំណាក់ប្រជាពលរដ្ឋ និងអ្នកគាំទ្រទូទាំងប្រទេស ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គ្រូបង្វឹក និងកីឡាការិនីគ្រប់រូប ពិសេសការទទួលបានសារអបអរសាទរ និងស្ងើចសរសើរដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
សូមជម្រាបផងថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានត្រឹមរងជើងឯកនៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women’s Cup 2024) ក្រោយរងបរាជ័យ ៣-១ ទល់នឹងក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
រំលឹកផងថា ស្ថិតក្នុងការប្រកួតនោះ ក្រុមបាល់ទាត់នារីកម្ពុជា ធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រងបាល់ តែមិនមានសំណាងក្នុងការបញ្ចប់ទី ស្របពេលឱកាសដំបូងរបស់ឥណ្ឌូនេស៊ី ក៏រកបានគ្រាប់បាល់នាំមុខ នៅនាទី១៩ មុនកីឡាការិនីកម្ពុជា ហុក សៅឌី រកបានគ្រាប់តាមស្មើនៅនាទី៣២ ។ ប៉ុន្ដែ ៣នាទីក្រោយមកឥណ្ឌូនេស៊ី ក៏បានបន្ថែមគ្រាប់នាំមុខជាថ្មី មុនពួកគេរកបានគ្រាប់ទី៣ នៅនាទី៥៨ ហើយបានរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួតពេញម៉ោង ទោះបីក្រុមកីឡាការិនីកម្ពុជា ព្យាយាមវាយសម្រុកយ៉ាងណាក្ដី ។
ទោះបីទទួលបានត្រឹមជើងឯករងក៏ពិតមែន តែនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ពិសេសក្រុមបាល់ទាត់នារីកម្ពុជា ដែលបានបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ។ រីឯក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បានគ្រងជើងឯក AFF Women’s Cup 2024 ស្របពេលសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះទីម័រខាងកើត ១-០ ។ ការណ៍នេះ ឥណ្ឌូនេស៊ី កម្ពុជា និងសិង្ហបុរី នឹងទទួលបានកៅអីលេងពាន AFF Women’s Championship 2025 ៕