(ភ្នំពេញ)៖ កន្លងមកធ្លាប់តែត្អូញត្អែរមុនពេលចាក់បញ្ចាំងរឿងរបស់ខ្លួន ប៉ុន្តែពេលនេះផលិតភាពយន្តលោក ហ៊ុយ យ៉ាឡេង មិនត្អូញត្អែរមួយមាត់ឡើយ ដោយបានចំណាយថវិកាផលិតភាពយន្តខ្នាតធំរឿង «កុំស្លាប់» រហូតដល់ទៅ៨ម៉ឺនដុល្លារ និងប្រជុំដោយសិល្បករវ័យក្មេង ដែលធ្វើឱ្យសាច់រឿងទាំងមូលកាន់តែទាក់ទាញ។ ២៤ឆ្នាំក្នុងវិស័យភាពយន្តផលិតករ ហ៊ុយ យ៉ាឡេង ជួបនូវឧបសគ្គ និងព្យុះភ្លៀងរាប់មិនអស់ សម្រាប់ស្នាដៃថ្មីរឿង «កុំស្លាប់» របស់លោកដែលកំពុងដាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្តនានា ពិតជាទាក់ទាញខ្លាំងណាស់ ដោយសារតែរឿងនេះមានចំណុចពិសេស និង មានសាច់រឿងជាច្រើន ដើម្បីអប់រំឱ្យអ្នកដែលប៉ងសម្លាប់ខ្លួន ងាកមកផ្លូវត្រង់ និងចង់រស់ឡើងវិញ។

ភាពយន្តរឿង «កុំស្លាប់» ជាស្នាដៃថ្មីរបស់ផលិតករលោក ហ៊ុយ យ៉ាឡេង ដែលប្រជុំដោយសិល្បករវ័យក្មេងជាច្រើនរូប បានចេញជាផ្លែផ្កាហើយដោយបានរៀបចំពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ និងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ។ ក្នុងពិធីនោះលោក ហ៊ុយ យ៉ាឡេង ក៏បានអញ្ជើញក្រុមតន្រ្តី និងក្រុមល្ខោនបាសាក់មកសម្តែងជូនបងប្អូនទស្សនិកជនទស្សនាផងដែរ ដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន។

រឿង «កុំស្លាប់» ជាស្នាដៃផលិតផ្ទាល់របស់លោក ហ៊ុយ យ៉ាឡេង ដែលបានចំណាយពេលវេលាផលិតជាងកន្លះឆ្នាំ ដែលប្រមូលផ្តុំដោយសិល្បករក្មេងៗ ដែលមានទេពកោសល្យដោយលោកបានចំណាយថវិការខ្ទង់ ៨ម៉ុនដុល្លារ ដើម្បីផលិតរឿងនេះឡើង។ លោក ហ៊ុយ យ៉ាឡេង ហៅ កថាជ័យ បានបានឱ្យដឹងថា លោកបានចំណាយថវិការលើកការកំណត់ក្នុងការផលិតរឿងនេះ។

«កុំស្លាប់» គឺជាភាពយន្តមួយដែលនិយាយពីយុវវ័យជាច្រើនដែលតែងតែគិតខ្លី លេបថ្នាំសម្លាប់ខ្លួន និងលោតទឹក ជាដើម... ហើយភាពយន្តនេះនឹងស្រាយចម្ងល់ថា តើហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីអត្តឃាតខ្លួនឯងបែបនេះ? ប៉ុន្តែនៅពេលដែលទស្សនិកជនទស្សនារឿងនេះហើយ គឺអាចរកវិធីដោះស្រាយ និងអាចគេចចេញពីស្រមោលបិសាចនេះបាន។

តារាសម្ដែង គឹម យ៉ាយ៉ា គឺជាតួស្រីសំខាន់មួយរូបនៅក្នុងរឿងនេះ ថ្វីដ្បិតតែមិនធ្លាប់ឆ្លងកាត់ការសម្តែងពីមុនមក នាងរំពឹងថា ស្នាដៃដំបូងរបស់ខ្លួននឹងមានផ្ទុះការគាំទ្រខ្លាំង ដោយសារតែរឿងនេះមានចំណុចពិសេសជាច្រើន ដែលមហាជនមិនគួរមើលរំលង។

«កុំស្លាប់» ចាប់ផ្តើមដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី០៥ ខែធ្នូ នេះតទៅនៅគ្រប់រោងភាពយន្ត។ លោក ហ៊ុយ យ៉ាឡេង ថែមទាំងមានគម្រោងយករឿង «កុំស្លាប់» ទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិ ដូចជាស្នាដៃមុនៗរបស់លោកផងដែរ។ ដូច្នេះហើយទើបលោកប្រឹងប្រែងផលិត និងធ្វើយ៉ាងណាឱ្យរឿងនេះផ្ទុះ និងមានគុណភាពល្អ ដើម្បីយកឡើងទៅឆាកអន្តរជាតិ។ ពេលនេះលោកនៅពុំទាន់ដឹងថា នឹងយកទៅដាក់បញ្ចាំងនៅប្រទេសណាមួយច្បាស់លាស់នៅឡើយទេ ដោយសារជំហានដំបូងនេះលោកត្រូវដាក់បញ្ចាំងជាផ្លូវការនៅក្នុងប្រទេសរបស់ខ្លួនសិន៕