(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានចាត់ទុកការកសាងទំនុកចិត្តជាមួយដៃគូសហការ ជារឿងសំខាន់ ដែលក្លិបានផ្ដោតការយកចិត្តទុកដាក់ ជាជាងការមើលឃើញនូវប្រយោជន៍រយៈពេលខ្លី ពោលគឺដើម្បីពង្រឹងនូវកិច្ចសហការ និងរក្សាបាននូវនិរន្ដរភាពក្នុងការអភិវឌ្ឍក្លិបបានយូរអង្វែង ។
ការលើកឡើងនេះ បន្ទាប់ពីក្លិបសមាជិកលីគកំពូលកម្ពុជា បានបន្ដកិច្ចសហការជាមួយក្រុមហ៊ុន Panasonic មួយរដូវកាលទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងពង្រឹងក្លិបត្រៀមការប្រកួតផ្សេងៗ ពិសេសលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ ក៏ដូចជាការអភិវឌ្ឍក្រុមយុវជនបន្ដវេនផងដែរ ។
ប្រធានក្លិបខាងលើ បានបញ្ជាក់ថា ការអភិវឌ្ឍក្លិបមួយ ត្រូវការពេលវេលា និងចក្ខុវិស័យវែងឆ្ងាយ ខណៈការចូលរួមឧបត្ថម្ភពីដៃគូឯកជន ក៏ដូចគ្នា ដែលទាមទារនូវការផ្ដល់សេចក្ដីទុកគ្នាទៅវិញទៅមក ដើម្បីធានាបាននូវកិច្ចសហការឧបត្ថម្ភយូរអង្វែង ដ្បិតការចាប់ផ្ដើមត្រឹម ១ឆ្នាំ ឬ ២/៣ឆ្នាំដំបូង គឺជាពេលវេលាចាប់ផ្ដើម និងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍក្លិបប៉ុណ្ណោះ ។
លោកបន្ដថា «ការឧបត្ថម្ភលើបាល់ទាត់មួយៗ គឺត្រូវការពេលវេលាវែង ព្រោះក្រុមហ៊ុនដៃគូ គាត់អត់អាចមួយឆ្នាំៗកើនការឧបត្ថម្ភច្រើន ហើយការអភិវឌ្ឍន៍ក្លិបរបស់យើង ក៏មិនចង់ថា មួយឆ្នាំៗ យើងចំណាយលើសពីមុនច្រើនដែរ ។ យើងត្រូវការពេលយូ ដើម្បីបង្កើនកិច្ចសហការនេះឲ្យកាន់តែល្អ ។ សំខាន់ជាងគេ ពេលក្រុមហ៊ុនឧបត្ថម្ភ គាត់ចូលមក តើយើងផ្ដល់អ្វីឲ្យគាត់ដែលជាតម្រូវការរបស់យើង ហើយនៅពេលគាត់ទទួលបាននូវអ្វីទាំងអស់ហ្នឹងហើយ ខ្ញុំគិតថា គាត់នឹងមានចក្ខុវិស័យនូវការឧបត្ថម្ភយើងបានយូរ» ។
«ការឧបត្ថម្ភបានយូរនេះ ឧទាហរណ៍ឆ្នាំទី១ ឬទី២ ឬទី៣ គាត់ឧបត្ថម្ភយើងបានតិច តែបើយើងអាចឲ្យគាត់ជឿលើយើងបាន ១០ ឬ ២០ឆ្នាំ ស្របពេលបាល់ទាត់ កំពុងរីកចម្រើនទៅមុខបន្ដិចម្ដងៗ ។ អ៊ីចឹងកំឡុងពេល ១០ ឬ ២០ឆ្នាំក្រោយ ដែលជាអ្វីយើងគួរតែគិត។ ដូច្នេះខ្ញុំគិតថា បើគាត់នៅជាមួយយើងបាន ១៥ឆ្នាំ បានន័យថា ភាគីស្រលាញ់គ្នាខ្លាំង ហើយនឹងអាចមានផ្លែផ្កាកាន់តែច្រើន» ។ លោក កាំង សេន បន្ថែម ៕
គួរដឹងថា បច្ចុប្បន្នក្លិប ISI ដង្កោសែនជ័យ កំពុងឈរលេខ៧ គិតត្រឹមសប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្រោយឆ្លងកាត់ ១៣ប្រកួតឈ្នះ ៤ ស្មើ ២ និងចាញ់ ៧ រកបាន ១៤ពិន្ទុ ។ ប៉ុន្ដែអ្វីដែលពិសេស ក្រោមការដឹកនាំ និងខិតខំជំរុញការអភិវឌ្ឍន៍ថ្នាលយុវជនរបស់ក្លិប ក្រុមយុវជន U19 ISI ដង្កោសែនជ័យ ក៏ទើបគ្រងជើងឯកពានរង្វាន់ Cambodian Youth League U19 2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ ៕