(ភ្នំពេញ)៖ គម្រោងសាងសង់ផ្សារ TCC ដែលបានផ្អាកដំណើរការសាងសង់អស់រយៈពេលប៉ុន្មានឆ្នាំ បានចាប់ផ្តើមដំណើរសាងសង់ឡើងវិញហើយ ដើម្បីផ្តល់តូបដល់អតិថិជនដែលបានទិញតូបនាពេលកន្លងមក។
គម្រោងផ្សារ TCC បានផ្អាកដំណើរការសាងសង់អស់រយៈពេលឆ្នាំ ដោយសារក្រុមហ៊ុន យុនណាន សេងម៉ៅ ដែលបានវិនិយោគគម្រោងផ្សារនេះ បានជួបនូវវិបត្តិ ដែលធ្វើឱ្យអតិថិជន ដែលបានទិញតូប ពីគម្រោងនេះ ធ្វើការតវ៉ាអស់ជាច្រើនលើក ដើម្បីស្វែងរកអន្តរាគមន៍ និងដំណោះស្រាយពីក្រុមហ៊ុន។
នៅខែកក្ដដា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសម៉ិន មេនេចម៉ិន បានមកវិនិយោគបន្ត និងបានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ ដោយបានធ្វើកំណែរទម្រង់ជួសជុលកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
លោក WANG ZILI អគ្គនាយកក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសម៉ិន មេនេចម៉ិន បានឱ្យដឹងថាបច្ចុប្បន្ននេះមានកម្មករប្រមាណជាងប្រមាណ២០០នាក់កំពុងធ្វើការសាងសង់នៅក្នុងគម្រោងនេះជារៀងរាល់ថ្ងៃ ដោយក្រុមហ៊ុនគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទីមួយ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យអាជីវករបានស្ងប់ចិត្ត និងរាជរដ្ឋាភិបាលអស់ព្រួយបារម្ភ។
លោកបានឱ្យដឹងបន្ថែមថា បន្ទាប់ពីក្រុមហ៊ុន ហ្សេងឈី បានទទួលគ្រប់គ្រងនូវគម្រោង TCC ក្រុមហ៊ុននឹងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនូន ដើម្បីជំរុញការប្រកួតប្រជែងទីផ្សារ ក៏ដូចជាបង្កើតអោយបាននូវលក្ខខណ្ឌប្រតិបត្តិការកាន់តែប្រសើរសម្រាប់អាជីវករ។ ក្រុមហ៊ុន ហ្សេងឈី បានបន្ថែមភ្លាមនូវការវិនិយោគ បន្ទាប់ពីទទួលបានគម្រោង ដោយធ្វើនូវកំណែទម្រង់ចំពោះគម្រោងនូវ៨ចំនុចធំៗ៖
(១) កែលម្អទៅលើផ្នែកបាតនៃផ្លូវដើរ ក៏ដូចជាតុបតែងនូវដំបូលពីដាន៖ច្រកផ្លូវដែលមានសភាពភ្លឺ និងធំទូលាយ នឹងជួយលើកស្ទួយនូវបទពីសោធន៏ទិញទំនិញរបស់អតិថិជន ដែលនឹងធ្វើឱ្យអតិថិជនចំណាយពេលបានកាន់តែយូរ លើកកម្ពស់នូវការទិញទំនិញក្នុងផ្សារ។
(២) បន្ថែមប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិ(sparkling) និងកែលម្អគ្រឿងបរិក្ខារប្រព័ន្ធពន្លត់អគ្កីភ័យ។
បើនិយាយចំពោះអជីវករគ្រប់រូបវិញ ទ្រព្យសម្បត្តិ និងសុវត្ថិភាពគឺជាកត្តាយ៉ាងសំខាន់បំផុត ការកែលម្អនូវគ្រឿងបរិក្ខារពន្លត់អគ្គីភ័យនេះគឺដើម្បីផ្តល់ទំនុកចិត្តទៅកាន់អាជីវករក្នុងការប្រកបករប។
(៣) បន្ថែមនូវជណ្តើរយន្តជើង និងជណ្តើរយន្តប្រអប់ កែលម្អទៅលើការបន្លាស់ទីនៃចរាចរណ៍
ដើម្បីធ្វើឱ្យការបន្លាស់ទីរបស់អតិថិជនពីជាន់មួយទៅជាន់មួយទៀតកាន់តែងាយស្រួល ហើយស្របពេលជាមួយគ្នានេះដែរក៏បានបង្កើននូវឱកាសសម្រាប់ការលក់ចេញដូចគ្នា
(៤) បន្ថែមស្ថានីយ៍ចំណតឡានឬបេនឡាន និងសាងសង់ចំណតរយានយន្តថ្មី។
ការបង្កើតស្ថានីយ៍ឡាន ឬហៅថាបេនឡាន នឹងធ្វើឱ្យការដឹកជញ្ជូនរវាងរាជធានីភ្នំពេញជាមួយខេត្តផ្សេងៗ ក៏ដូចជាលំហូរនៃមនុស្ស មកកាន់គម្រោង TCC បានកាន់តែងាយស្រួលនិងរលូន។ ជាមួយគ្នា ផ្សារ TCC បានផ្តល់នូវទីតាំងសម្រាប់ម៉ូតូចំនួន ៥ ០០០ ចំណត រថយន្ត ចំនួន ១ ០០០ ចំណត និងរថយន្តដឹកទំនិញចំនួន១០០ ចំណត ដូច្នេះការព្រួយបារម្មណ៍ពីបញ្ហាចំណតសម្រាប់អតិថិជនគឺត្រូវបានដោះស្រាយ ។
(៥) បន្ថែមនូវប្រព័ន្ធម៉ាស៊ីនត្រជាក់ ៖ អតិថិជនជាច្រើនតែងប្រាថ្នាចង់បាននូវបរិយាកាសត្រជាក់ក្នុងការទិញទំនិញ ដោយហេតុបែបនេះអាជីវករនឹងទទួលបាននូវអតិថិជនកាន់តែច្រើននៅពេលបន្ថែមនូវគ្រឿងបរិក្ខារទាំងនេះ។
(៦) បង្កើតសោភណ្ឌភាពក្នុងគម្រោង ក៏ដូចជាខាងក្រៅនៃគម្រោង។ គម្រោង TCC នឹងបំពាក់បន្ថែមនូវកន្លែងកម្សាន្ត មានដូចជា ស្ពានដែលគ្របដណ្តប់ដោយទេសភាព និងកន្លែងថតរូបស្អាតៗល្បីៗ ដែលនឹងអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនក្នុងការចូលមកកាន់គម្រោង។
(៧) តម្លើងភ្លើងពណ៌បំភ្លឺអគារ ដើម្បីបង្កើនភាពទាក់ទាញនៃពាណិជ្ជកម្មនាពេលរាត្រី។
(៨) សាងសង់ឆាកសម្តែងខ្នាតធំ និងបង្កើតបរិយាកាសបែបពាណិជ្ជកម្ម។ សួនកំសាន្ត និងឆាកសម្តែងខ្នាតធំនឹងត្រូវបានសាងសង់ក្នុងពេលឆាប់ៗនេះនៅផ្នែកខាងជើង។ ដោយនឹងធ្វើឱ្យការរៀបចំកម្មវិធី និង ការសម្តែងសិល្បៈកាន់តែមានភាពងាយស្រួល ក៏ដូចជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗទៀតផងដែរ ប្រកបដោយភាពទាក់ទាញមានប្រជាប្រិយភាព និងបរិយាកាសបែបពាណិជ្ជកម្ម។
លោកបន្តថា បច្ចុប្បន្ន TCC ត្រូវបានបែងចែកជាពីរដំណាក់កាល គឺការសាងសង់ផ្សារបោះដុំចំនួនពីរ។
ដោយដំណាក់កាលទីមួយ គឺជាទីផ្សារលក់បោះដុំទំនិញតូចៗ រួមមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ កាបូប ស្បែកជើង មួក គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលរបស់ទារក អាហារ ការកម្សាន្ត និងរបរផ្សេងៗទៀត ដែលមានផលិតផលរាប់លានមុខ។
ចំណែកដំណាក់កាលទីពីរវិញ គឺជាផ្សារបោះដុំសម្រាប់ផលិតផលកសិកម្ម រួមមានបន្លែ ផ្លែឈើ ត្រី សាច់ គ្រាប់ធញ្ញជាតិ ប្រេង អាហារ និងគ្រឿងទេសជាដើម ហើយបានបំពាក់នូវឃ្លាំងស្តុកត្រជាក់ និងកន្លែងចម្អិនអាហារស្រស់ៗ។
គម្រោងTCC ឬ ហៅថាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអឹម មានទីតាំងស្ថិតនៅក្នុងខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ គម្រោងនេះ បានសាងសង់លើផ្ទៃដីជិត១០ហិកតា ដោយគម្រោងទី១ នឹងសាងសង់ ផ្សារផ្គត់ផ្គង់ផលិតផលទំនិញធុនតូច ដែលមានទំហំផ្ទៃដីសរុបរហូតទៅដល់១២ម៉ឺនម៉ែត្រការ៉េ ចំណែកឯគម្រោងទី២ គ្រោងនឹងបង្កើតផ្សារបោះដុំនិងរាយផលិតផលកសិកម្ម។ ជាមួយនឹងទីតាំងភូមិសាស្ត្រនិងទំហំផ្ទៃដីបែបនេះ នឹងនាំមកជូនអាជីវករ នូវអតិថិជនមកពីគ្រប់តំបន់មជ្ឈដ្ឋាន ជាមួយគ្នានេះដែរគម្រោងTCCមិនត្រឹមតែអាចទាក់ទាញបាននូវភ្ញៀវជាតិតែប៉ុណ្ណឹងនោះទេ ថែមទាំងអាចទាក់ទាញបាននូវភ្ញៀវអន្តរជាតិក៏ដូចជារោងចក្រដែរមកពីខាងក្រៅដើម្បីធ្វើការសហការផងដែរ។
បើតាមអគ្គនាយកក្រុមហ៊ុន បច្ចប្បន្ននេះ ដំណើរការសាងសង់ផ្សារសម្រេចបានប្រមាណ៥០ហើយ ដោយក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសម៉ិន មេនេចម៉ិន នឹងព្យាយាមបញ្ចប់ការសាងសង់ និងប្រគល់តូបជូនអតិថិជន នៅឆ្នាំក្រោយ៕